កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែធ្នូ នេះ បានផ្តើមពីធីសម្ពោធ ជាលក្ខណៈនិមិត្តរូប លើគម្រោង កសាងផ្លូវដែក និងផ្លូវរថភ្លើង និងផ្លូវថ្នល់ ឆ្លងកាត់ព្រំដែនកូរ៉េទាំងពីរ ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ក្បួនរថភ្លើងពិសេស ដឹកមន្ត្រីកូរ៉េខាងត្បូង ប្រមាណ១០០រូបបានចាប់ផ្តើមវិលកង់ ចេញពីកូរ៉េខាងត្បូង ចូលដល់ ស្ថានីយ Panmun ស្ថិតនៅក្នុងស្រុក Kaesong កូរ៉េខាងជើង ដើម្បីចាប់ផ្តើមពិធីបើកការរដ្ឋានសាងសង់ ជួសជុលផ្លូវ ។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូន កូរ៉េខាងត្បូង លោក Kim Hyun Mee និងរដ្ឋមន្ត្រីឯកភាពជាតិ លោក Cho Myoung Gyon រួមជាមួយសមាជិករដ្ឋសភា ព្រមទាំង មន្ត្រីជំនាញ់ផ្លូវដែក និងផ្លូវថ្នល់ បានធ្វើដំណើរនៅលើរថភ្លើងពិសេស ឆ្លងដែននេះ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសថា «ពិធីបើកសម្ពោធ ការដ្ឋានដ៏សំខាន់នេះ ជាការបង្ហាញនូវឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ រវាងកូរ៉េទាំងពីរ ឈាន់ទៅរកការផ្សះផ្សា និងការធ្វើដំណើរចុះឡើង របស់ពលរដ្ឋកូរ៉េទាំងពីរ ។ ជាមួយគ្នានេះ មន្ត្រីអង្គការសហប្រជាជាតិ និងប្រទេសជិតខាង រួមមាន រុស្សី ចិន ម៉ុងហ្គោលីក៏បានចូលរួម នៅក្នុងគម្រោងផ្លូវដែកខាងលើផងដែរ ។
ចំណែកភាគីកូរ៉េខាងជើង លោក Ri Son Gwon ទទួលបន្ទុកទំនាក់ទំនងឧបទ្វីបកូរ៉េ និងរដ្ឋលេខាធិការ ទទួលបន្ទុកផ្លូវដែក លោក Kim Yun Hyok ដឹកនាំគណៈប្រតិភូកូរ៉េខាងជើង ទៅចូលរួម ក្នុងពិធីបើកការដ្ឋានខាងលើ ។ ភាគីទាំងពីរ បានចុះហត្ថលេខាទៅលើ កិច្ចព្រមទាំង សាងសង់ ផ្លូវដែក ផ្លូវថ្នល់ខាងលើ៕