ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូកង់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីត្រូវបានរថយន្ដស៊េរីទំនើបមួយគ្រឿងបើកគេចពីក្រុមក្មេងស្ទាវ ហើយបុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចជិតក្រសួងបរិស្ថាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានដេញតាមវាយកញ្ចក់រថយន្ដមួយគ្រឿង ម៉ាក ឡិចស៊ីស ES300H ពណ៌ស គ្មានស្លាកលេខ ជិះដោយបុរសបីនាក់ បានធ្វើឲ្យអ្នកបើករថយន្ដប្រឹងបើកគេចក៏ជ្រុលបុករ៉ឺម៉កម៉ូតូកង់បីពីក្រោយ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរងរបួសម្ចាស់រ៉ឺម៉កកង់យ៉ាងធ្ងន់ធ្ងរ ។
ប្រភពបានបន្តថា ក្រោយកើតហេតុក្រុមក្មេងស្ទាវទាំងនោះបាននាំគ្នាជិះគេចខ្លួនបាត់អស់ ដោយមិនដឹងថា ភាគីទាំង២មានទំនាស់អ្វីនោះទេ ។ ក្រោយមកបុរសម្នាក់ជាម្ចាស់រ៉ឺម៉កម៉ូតូកង់បានរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយមួយសន្ទុះក្រោយកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ បានទំនាក់ទំនងកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដ និងរ៉ឺម៉កម៉ូតូកង់បីយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ