ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាម្ចាស់ដីស្របច្បាប់លោកយាយកឹមសារ៉ាត់និងក្រុមគ្រួសារម្ចាស់ដីសរបប្រមាណ១០០នាក់ បានមកជួបជុំគ្នាជួយគាំទ្រ និងលើកដៃសំពះសុំអន្តរាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជូនក្រុមការងារ យកសាលក្រមស្ថាពរ ចុះមករុះរើផ្ទះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថាការរុះរើនេះត្រូវបានពន្យារពេលដោយសារមានការតវ៉ាខ្លាំងៗ ពីប្រជាពលដ្ឋ មេភូមិ និងមេឃុំ ខណ:ដែលប្រជាពលរដ្ឋចំនួន១០៦គ្រួសារ បាននាំគ្នាផ្ដិតមេដៃដោយអះអាងបញ្ជាក់ថា លោកយាយ កឹម សារ៉ាត់ ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់ នៅចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក យ៉ាងពិតប្រាកដ ដោយរស់នៅយ៉ាងសុខសាន្តតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។
ទាក់ទងករណីនេះដែរមេភូមិ មេឃុំ និងអតីតមេឃុំចាស់ មិនសហការឱ្យរុះរើផ្ទះ និងយកដីរបស់លោកយាយ កឹម សារ៉ាត់នេះទេ ដោយពួកគាត់អះអាងថា លោកយាយរស់នៅតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ រហូតមកដល់បច្ចុប្បន្ន។
យោងតាមលិខិតដែលចុះហត្ថលេខា និងផ្តិតមេដៃទទួលស្គាល់ដោយលោក នន់ សាផន មេភូមិកំពង់ត្រាច និងលោក យូ យ៉ុន មេឃុំកំពង់ត្រាច បានបញ្ជាក់ថា «ឈ្មោះ កឹម សារ៉ាត់ ភេទស្រី ពិតជាមានដីបណ្ដោយទំហំ ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ។ ដីនេះមិនមានការពាក់ព័ន្ធ ក្នុងការជាប់កិច្ចសន្យាលក់ ឬបញ្ចាំទៅឲ្យបុគ្គលណាម្នាក់ ឬស្ថាប័នណាឡើយ»។
បើយោងតាមសេចក្ដីអះអាង ដែលផ្ដិតមេដៃដោយប្រជាពលរដ្ឋ ចំនួន១០៦ គ្រួសារបានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា ជាប្រជាជនរស់នៅ ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង សូមជួយផ្តិតមេដៃ និងគាំទ្រដីលោកយាយ កឹម សារ៉ាត់ ដែលមានទំហំ៦៥ម៉ែត្រ និងទទឹង២៨ម៉ែត្រ ដោយមេភូមិ-មេឃុំកំពង់ត្រាចបានចែកឲ្យរស់នៅតាំងពីថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩»។
សូមបញ្ជាក់ថា បញ្ហាដែលនាំឲ្យមានការចុះរុះរើផ្ទះរបស់លោកយាយ កឹម សារ៉ាត់ នេះ ដោយសារមានពាក្យសុំអន្តរាគមន៍ លើការអនុវត្តដោយបង្ខំពីប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ដែលចុះហត្ថលេខាដោយលោក ថាច់ រតនា ជាប្រធានមន្ទីរ ទៅតុលាការសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ដែលជាម្ចាស់បំណុល នៃការអនុវត្ត ក្នុងសំណុំរឿងអនុវត្តន៍តាមសាលក្រម រដ្ឋប្បវេណីលេខ១០១ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥ របស់សាលាដំបូងខេត្តស្វាយរៀង។
រហូតនៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូនេះដែរ ប្រជាពលរដ្ឋដែលមកគាំទ្រម្ចាស់ដី នៅតែជួបជុំគ្នាដដែល ដើម្បីទទួចសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ជូនពួកគាត់ផងដែរ៕ យឹម សុថាន