ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជុំវិញពិភពលោកបង្កើនការពារសុវត្ថិភាពនៅយប់ឆ្លងឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩

ចែករំលែក៖

នៅយប់នេះ ប្រទេសជុំវិញពិភពលោក បានរៀបចំពីធីឆ្លងឆ្នាំ ដោយមានកម្មវិធីសប្បាយៗជាច្រើន​ ។​ ពេលនោះដែរ​ ក៏ជាឱកាស នៅក្នុងការវាយប្រហារ របស់ក្រុមភេរវកម្ម ដែលបានបង្កប់ខ្លួននៅគ្រប់ទិសទី ​ពិសេសគឺបណ្តាប្រទេសលោកខាងលិច ដែលជាគោលដៅវាយប្រហារ ធំបំផុត របស់ក្រុមភេរវកម្ម ។

ដើម្បីឆ្លងឆ្នាំប្រកបដោយសប្បាយរីករាយ​ ប៉ូលិសទីក្រុងញ៉ូវយ៉ក បានប្រកាសថា នឹងប្រើប្រាស់​យន្តហោះគ្មានមនុស្សបើក ដើម្បីតាមដាននៅតំបន់ផ្សេងៗ ដែលមានពិធីឆ្លងឆ្នាំ ​។ យន្តហោះ ឌ្រូន អាចតាមដានបានយ៉ាងច្បាស់នៅពីលើ ប្រសិនបើមានភាពចលាចលកើតឡើង នឹងអាចដោះស្រាយឲ្យបានទាន់ពេលវេលា ។

ដើម្បីធានាដល់សុវត្ថិភាព ពលរដ្ឋ និងការសប្បាយឆ្លងឆ្នាំពេញលេញ​ ប្រធានការិយាល័យ​​សន្តិសុខលោក​ Terence Monahan​ បានប្រកាសថា យន្តហោះ ឌ្រូន ដែលបំពេញការងារ គឺមានខ្សែចងជាប់ជាមួយអាគារខ្ពស់​ៗ ដើម្បីឲ្យហោះហើយ ក្នុងតំបន់ដែលបានកំណត់ទុក ។

តាមអនុប្រធាន គណកម្មការ ប្រឆាំងភេរវកម្ម លោក​ John Miller ​បានបញ្ជាក់ថា​ យន្តហោះ ឌ្រូន នឹងជួយដល់ កម្លាំងសន្តិសុខ អាច​ដឹងនៅកន្លែងដែលមានភាពចលាចលកើតឡើង ក៏ដូចជាបញ្ជូនកាមេរ៉ាសន្តិសុខទៅកាន់ទីនោះបានឆាប់បំផុត ។ ប៉ូលិសទីក្រុង ញូវយ៉កបង្ហាញការជឿជាក់ថា នឹង មិនមានការគំរាមកំហែង កើតឡើងនៅក្នុងឱកាសឆ្លងឆ្នាំនេះឡើយ ។

នេះជាលើកទីមួយ ដែលទីក្រុងញូវយ៉កប្រើប្រាស់ឧបករណ៍ ហោះហើរគ្មានមនុស្សបើក ដើម្បី ត្រួតពិនិត្យសន្តិសុខ ​ ។ ទន្ទឹមនឹងនោះ ក៏មាន កម្លាំងសន្តិសុខ ប្រមាណ​៧ពាន់នាក់ បានដាក់ពង្រាយការពារនៅគ្រប់ទិសទី ក្នុងតំបន់ ។ តាមការវាយតម្លៃ នៅក្នុងទីលាឆ្លងឆ្នាំក្នុងទីក្រុងញូវយ៉ក នឹងមានពលរដ្ឋចូលរួម យ៉ាងតិច​២លាននាក់ ។

ក្រៅពីនេះ ប្រទេសអូស្ត្រាលី​ បារាំង​ អង់គ្លេស អាល្លឺម៉ង់​… បានបង្កើនការការពារសន្តិសុខ បញ្ចៀសរឿងអាក្រក់កើតឡើងនៅដើមឆ្នាំ​២០១៩ ៕


ចែករំលែក៖