ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកលឿនជ្រុលបុករថយន្តធំពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសាររថយន្តហ៊ីយ៉ាន់ដាយ ដឹកផ្លែស្វាយមួយគ្រឿង បើកបរល្បឿនលឿន ជ្រុលទៅបុកគូទរថយន្តធុនធំមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យ ខ្ទេចរួញមុខខ្លួនឯង តែ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ក្រោយកើតហេតុ រថយន្តខាងមុខបន្តដំណើរទៅបាត់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្ត ដឹកផ្លែស្វាយខាងលើ ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5982 បើកបរល្បឿនលឿន តាមបណ្តោយផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកគូទរថយន្តធុនធំ មួយគ្រឿងផ្សេងទៀត បណ្តាលឲ្យរងខូចខាត រួញមុខខ្លួនឯង តែមិនបង្ករបួសដល់មនុស្ស ចំណែករថយន្តម្ខាងទៀត មិនមានខូចខាត បន្តដំណើរទៅចោលបាត់ អ្នកបើកបររថយន្តដឹកផ្លែស្វាយ ដឹងថាឡានខ្លួនឯង ខ្ទេចអស់ហើយ មិនដឹងថា ខ្លាចថៅកែ ស្រ្តីបន្ទោស ឬយ៉ាងណានោះទេ បែជាចុះរត់គេចខ្លួនទៅបាត់ដែរទុកតែរថយន្តចោលកណ្តាលផ្លូវ ប៉ូលិសចុះទៅ រង់ចាំឡានឲ្យ ។

រថយន្តខាងលើ បន្ទាប់ពីអ្នកបើកបររត់ចោលបាត់ សមត្ថកិច្ច រកវិធី យករថយន្តផ្សេងមកអូសដាក់កៀនខាង ជៀសវាង កកស្ទះចរាចរណ៍ ៕ សុខាសែនជ័យ


ចែករំលែក៖