ព័ត៌មានទាន់ហេតុការណ៍៖

សយ រតនា ជំនួសតំណែង ប៊ុត សីហាដែលត្រូវបាត់មុខពីមរតកមេឌា?

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈ របស់តារាចម្រៀងប៊ុត សីហា ក្រោយពីលេចធ្លាយរឿងបញ្ចប់ការងារសិល្បៈចុងក្រោយនៅផលិតកម្មមរតកមេឌានោះ គេសង្កេតឃើញផលិតកម្មមួយនេះបានសម្រុកចេញបទចម្រៀងថ្មីៗជាច្រើន។ ក្នុងនោះ គេកត់សម្គាល់ថាប្រជាប្រិយភាពរបស់ លោក សយ រតនា ដែលហក់មកចាប់អាជីពចម្រៀងបន្ថែមហាក់លេចមុខមាត់ខ្លាំងគួរកត់សម្គាល់ ។

ផ្ទុះព័ត៌មានផលិតកម្មប្រកាសមិនទទួលស្គាល់ ប៊ុត សីហាព្រោះរឿងប្រើប្រាស់គ្រឿងញៀនមួយប្រាវ ស្រាប់តែលេចចេញតារាចម្រៀងជាច្រើនក្នុងដំបូលផលិតកម្មថ្មីមួយនេះជាបន្តបន្ទាប់។ សយ រតនា ត្រូវបានផលិតកម្មចាត់ទុកថាជាគ្រាប់ពេជ្រថ្មីដែលមាននិស្ស័យ និងជំនាញខ្ពស់លើវិស័យនិពន្ធ និងច្រៀងបានល្អ។ លោក លុខ លីមរក្សា បានបញ្ជាក់ថា សយ រតនា បានចូលរួមនិពន្ធ និងច្រៀងសម្រាប់ផលិតកម្ម មរតកមេឌា ចាប់តាំងពីកកើតដំបូងកាលពីចុងឆ្នាំ២០១៨នោះម៉្លេះ តាមរយៈបទ”តណ្ហា”ហើយប្រជាប្រិយភាពរបស់គាត់បានកើនឡើងក្រោយពីលោកបានច្រៀងបទចម្រៀងដែលនិពន្ធផ្ទាល់ខ្លួនដូចជាបទ”បងមិនយំទេគ្រាន់តែហូរទឹកភ្នែក” ដែលជាបទឆ្លើយឆ្លងជាមួយ កញ្ញា លីន សោមានិងបទ”ខ្ញុំស្រលាញ់នាងតាំងពីនាងស្រលាញ់ឯង” ចុងក្រោយនេះគឺបទ”មួយជីវិត” ដែលបទនេះគេយកទៅចាក់តាមកម្មវិធីមង្គលការផ្សេងៗផងដែរ។ លោកបន្ថែមថាក្រោយផ្ទុះការគាំទ្រខ្លាំងតារាចម្រៀងរូបនេះចាប់ផ្តើមមានទីផ្សារលើកម្មវិធីចេញច្រៀងតាមការប្រគំតន្ត្រីតូចធំជាច្រើនបន្តបន្ទាប់។ លោកបញ្ជាក់ថា វត្តមានរបស់អ្នកនិពន្ធដែលវិវឌ្ឍន៍ខ្លួនមកជាតារាចម្រៀងរូបនេះ មិនមែនជាការជំនួសតំណែងណាមួយរបស់ប៊ុត សីហាទេ ប៉ុន្តែជាគឺជាជាឱកាសល្អ និងកើតឡើងពីការប្រឹងប្រែងរបស់គាត់ផ្ទាល់ផងដែរ ។

លោកស្នើមិនរំលឹករឿងរ៉ាវប្រកាសមិនទទួលយកប៊ុត សីហា សម្រាប់ផលិតកម្មលោក ប៉ុន្តែលោកបានសរសើរតារាចម្រៀងសយ រតនាដែលគោរពពេលវេលា តួនាទី មានចំណេះ ជំនាញ ទេពកោសល្យ ដែលក្រៅពីការងារជាអ្នកនិពន្ធ និងច្រៀងគេក៏ជាវេជ្ជបណ្ឌិតវ័យក្មេងម្នាក់គួរឲ្យគោរពផងដែរ ហើយបច្ចុប្បន្នលោកក៏នៅតែជាអ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មថោនដដែល។

លោកបញ្ជាក់ដែរថាសម្រាប់ផលិតកម្មនៅតែបន្តជួយជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសដល់គ្រប់តារាចម្រៀងរួមដំបូលទាំងអស់ដោយមិនប្រកាន់បក្សពួក ល្បីឬមិនល្បី សំខាន់ជាងនេះគឺការគោរពការងារ ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមដើម្បីទទួលបានការគាំទ្រច្រើនពីទស្សនិកជន ខណៈដែលផលិតកម្មនៅតែបន្តឆន្ទៈក្នុងការជួយជ្រោមជ្រែងលើកមុខមាត់បង្កើតឱកាសការងារឲ្យអស់ពីលទ្ធភាព៕ វឌ្ឍនា


ចែករំលែក៖