ព័ត៌មានទាន់ហេតុការណ៍៖

កំពុងអង្គុយហូបបាយក្នុងថ្ងៃចូលរោង ត្រូវជនដៃដល់វាយរយះក្បាល

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ៖ បុរសម្នាក់បានរងរបួសរយះក្បាល ជាទម្ងន់បន្ទាប់ពីត្រូវរងនូវការវាយពីសំណាក់ ក្រុមជនដៃដល់ ដែលចង់ស្រាយគំនុំចាស់ ។ ក្រោយបង្កជនដៃដល់បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមក្របួចយកមកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា កម្លាំង​នគរបាល​នៃអធិការ​ដ្ឋាន​ក្រុងច្បា​រ​ម​ន ​បានទទួល​បណ្ដឹងពីជនរងគ្រោះស្ដីពីករណី​ហិង្សាដោយចេតនា​ ដែលបានកើតឡើង កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃ​ទី​១ ខែមករា ឆ្នាំ២០១៩ នៅ​ ភូមិរលាំងសង្កែ​ សង្កាត់សុពរ័ទេព​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ ម៉ប់ រ៉ាន់ដា ហៅថ្លែន​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ មានទីលំនៅភូមិរលាំងសង្កែ​ សង្កាត់សុព័រទេព​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ។ ជនរង​គ្រោះ​រងរបួស​ ចំក្បាលដេរ៥ថ្នេរ ។

តាមការឲ្យដឹង ពីសមត្ថកិច្ចគឺ មុនពេលកើតហេតុជនរងគ្រោះបានទៅ​ចូលរួមក្នុងកម្មវិធីចូលរោងការ​របស់ឈ្មោះ ឆាង ​នី​ នៅភូមិឃុំជាមួយគ្នា​ ខណ:កំពុងអង្គុយហូបបាយក៏មានឈ្មោះ សេត​ សាម៉ាឌី​ ហៅខួច​ ភេទប្រុស អាយុ​២៥ឆ្នាំ​ ជាអ្នកភូមិជាមួយគ្នា បានយកឆ្នាំងដាំបាយមកវាយជនរងគ្រោះ​ពេលវាយហើយឈ្មោះ សេក​ សាម៉ាឌី​ បា​ន​រត់ចេញក្រៅរោង​ ចំណែក ជនរងគ្រោះក៏រត់តាមមកសួររកហេតុផលស្រាប់តែពេលកំ​ពុងតែសួរនាំក៏ត្រូវឈ្មោះ ពេជ្រ​ សុភាព ហៅ​ ឌុយ​ ភេទប្រុស​ អាយុ២២ឆ្នាំ​យកដំបងឬស្សីមកវាយបណ្ដាលឲ្យត្រូ​វ ក្បាលចំខាងឆ្វេងបែកដេ​រ​៥ថ្នេរ​ រងរបួសឈាមស្រោចជោកខ្លួន ។

ក្រោយបង្ក​ជន​ដៃដល់ទាំង២ ក៏រត់​គេច​ខ្លួន​បា​ត់ ។ លុះព្រឹកឡើងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ទើបកម្លាំងនគ​របាល​ចុះស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យទាំ​ង២​ រួចបញ្ជូន​មកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីកសាងសំណុំរឿង​ចា​ត់​ការ​តាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចគឺជនសង្ស័យឆ្លើយសារភាពថា មូលហេតុ ដែលខ្លួនវាយទៅលើជនរងគ្រោះព្រោះតែចង់ស្រាយគំនុំចាស់ ដែលមានពីមុនមក ៕ សេនាស័ក្តិ


ចែករំលែក៖