ព័ត៌មានទាន់ហេតុការណ៍៖

​តំបន់ព្រៃឡង់កំពុងរងការកាប់ទន្ទ្រាន និងដឹកជញ្ជូនឈើរណ្តៅច្បោះជ័រទឹកពលរដ្ឋ អស់ជាច្រើនដើមពីក្រុមហ៊ុនមិនស្គាល់ឈ្មោះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រណ្តៅច្បោះជ៍័រទឹកដែលពលរដ្ឋកំពុង អាស្រ័យផលរាល់ថ្ងៃ តែផ្ទុយទៅវិញ ក្រុមហ៊ុនមួយនេះ នៅតែរងការកាប់ និងដឹកជញ្ជូនចេញពីដែនអភិរក្ស ព្រៃឡង់ ខេត្តស្ទឹងត្រែង ជាប់គ្នានឹងតំបន់ព្រៃឡង់ ខេត្តក្រចេះ ជារៀងរាល់ថ្ងៃ មួយថ្ងៃ៣ជើង រថយន្ត៣គ្រឿង ប្រភេទរថយន្តបាកុង កាត់គល់កាត់ចុង ដឹកចេញទៅទឹកដីខេត្តក្រចេះ ដែលមាន ទីតាំងក្រុមហ៊ុននៅទីនោះ ដែលជាដែនដីក្រប់គ្រងរបស់មន្ត្រីឧទ្យានុរ័ក្ស បរិស្ថានរបស់ខេត្តទាំងពីរ ដែលឈ្មួញកំពុងតែចចារសុំទិញដើមច្បោះពីពលរដ្ឋ ដែលជាម្ចាស់ច្បោះ ទោះបីពួកគាត់មិនព្រមលក់ ក៏ដោយ ក៏ក្រុមឈ្មួញទាំងនោះនៅតែប្រើអំណាចក្រុមហ៊ុន មកកាប់និងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យ ដោយមិនដឹងថាជាក្រុមហ៊ុនឈ្មោះអ្វីឲ្យប្រាកដនោះទេ ដែលស្ថិតនៅចំណុចព្រៃឡង់ ភូមិអូឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ប្រភពពីប្រជាសហគមន៍ដែលពួកគាត់ ជាម្ចាស់ដើមច្បោះរណ្តៅជ័រទឹក ហើយជាប្រជាសហគមន៍ការពារព្រៃឡង់ បាននិយាយថា បច្ចុប្បន្ននេះឈ្មួញ ឈ្មោះសុខ ជា ជាមេការ ក្រុមហ៊ុនមួយដែលពីមុនមានឈ្មោះថា ជាក្រុមហ៊ុនស៊ីវាយអ៊ុបតិច កំពុងតែដាក់មាស៊ីនត្រង់សឺន័រ កាត់គល់កាត់ចុង ដឹកចេញពីព្រៃឡង់ដែលជាតំបន់គ្រប់គ្រង ឧទ្យានុរក្សបរិស្ថាន ដឹកឆ្លងកាត់យកទៅក្រុមហ៊ុន ដែលតាំងនៅក្នុងទឹកដីខេត្តក្រចេះ ។

ប្រភពបានបន្តទៀតថា ឈ្មោះសុខ ជា ជាមេការគ្រប់គ្រងក្រុមហ៊ុនមួយនេះ បច្ចុប្បន្នឈ្មោះនេះ កំពុងតែបំផុស និងដឹកនាំបញ្ជា កម្លាំងកម្មករ ក៏ដូចជារថយន្តដឹកជញ្ជូនឈើ ក្នុងតបន់ព្រៃឡង់ ហើយក៏ជាដើមច្បោះជ័រទឹករបស់ពួកគាត់ផងដែរ ជារៀងរាល់ថ្ងៃ បើយ៉ាងនេះ ព្រៃឈើពិតជាអស់ ដើមច្បោះ ដែលពួកគាត់ធ្លាប់អាស្រ័យផល ពិតជារលាយគ្មានសេសសល់អ្វីឡើយ ។

ពួកគាត់សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដូចជាលោកអភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលខេត្តក្រចេះ ដែលជាតំបន់នេះ មានព្រំប្រទល់ជាប់គ្នាងាយស្រួលក្រុមឈ្មួញឆក់ឱកាសធ្វើសកម្មភាព សូមថ្នាក់លើ មេត្តាចេញបទបញ្ជា ទប់ស្កាត់ក្រុមហ៊ុនមួយនេះ កុំឲ្យធ្វើសកម្មភាពបន្តទៀត តើគេមានអាជ្ញាប័នពីណា ឲ្យចូលកាប់ឈើ ក្នុងព្រៃឡង់ ដែលជាដែនគ្រប់គ្រងរបស់សមត្ថកិច្ចមន្ត្រីបរិស្ថាន ជាប់ព្រំប្រទល់គ្នាដល់ទៅ៤ខេត្ត ឯណោះ គឺ១.ខេត្តស្ទឹងត្រែង ២.ខេត្តក្រចេះ ៣.ខេត្តព្រះវិហារ ៤.ខេត្តកំពង់ធំ ជាពិសេស ខាងក្រសួងបរិស្ថាន មេត្តាជួយអន្តរាគមន៍ លើបទល្មើសទាំងនេះផង ។

ជុំវិញរឿងនេះ លោកវុទ្ធ ឃិត ប្រធានក្រុមគ្រប់គ្រង ដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងស្រុកសៀមបូក បានបញ្ជាក់ប្រាប់ ឲ្យភ្នាក់ងារកាសែត នគវត្ត ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ថាៈ នេះជាតំបន់គ្របគ្រងរបស់លោកមែន ដែលប្រជាសហគមន៍ ក៏ដូចប្រជាពលរដ្ឋដែលជាម្ចាស់រណ្តៅច្បោះ នោះបានរាយការណ៍ជូនក្រុមការងារលោកថា មានមេឈ្មួញកំពុងធ្វើសកម្មភាពចូលកាត់ឈើរណ្តៅច្បោះជ័រទឹក របស់ពួកគាត់ ក្នុងតំបន់ព្រៃឡង់នោះពួកគាត់ ក៏ទៅដល់ បានឃើញសកម្មភាពក្រុមឈ្មួញទាំងនោះពិតមែន ហើយ ក៏សួរនាំទៅគេហើយប្រាប់ថា ឈប់ឲ្យបន្តសកម្មភាពនេះបន្តទៀត បើមិនដូច្នេះទេ លោកនឹងស្នើទៅថ្នាក់លើ សុំការបង្ក្រាបឲ្យខាងតែបាន ព្រោះជាដែនជំរកសត្វព្រៃ ហើយរណ្តៅច្បោះជ័រទឹកនេះ វាក៏ជាអាយុជីវិតរបស់ពលរដ្ឋផងដែរ ។

លោកបន្តទៀតថា ម្យ៉ាងទៀតក្រុមហ៊ុននេះឮថា មានឈ្មោះ (ស៊ីវាយអ៊ុបតិច) មានមេការឈ្មោះសុខ ជា តែឈ្មោះនេះ លោកមិនអាចសុំកាបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយនោះ តែគ្រាន់តែដឹងថា ក្រុមហ៊ុននេះ ស្ថិតនៅក្នុងទឹកដីខេត្តក្រចេះ គេថា មានច្បាប់ត្រឹមត្រូវ ក្នុងការកាប់បំផ្លាញព្រៃឈើនេះ ហើយចំណែកដែល ពួកគេចូលកាប់ឈើនោះ វាចូលដែនគ្រប់គ្រងទឹកដីរបស់លោកមួយចំណែក មួយចំណែកធំ គឺក្នុងទឹកដីខេត្តក្រចេះ ហើយក្នុងការទប់ស្កាត់បង្ក្រាបនេះ លោកនឹងសុំការសហការគ្នា ពីក្រុមមន្ត្រីបរិស្ថានការពាព្រៃឡង់ ខេត្តក្រចេះសិន ទើបទៅរួច និងស្រាវជ្រាវឲ្យដឹងច្បាស់ក្រុមនោះឈ្មោះអី ឲ្យប្រាកដ ដើម្បីដាក់របាយការណ៍ជូនលោកប្រធានមន្ទីរខេត្ត ៕ មាស សុផាត


ចែករំលែក៖