ព័ត៌មានទាន់ហេតុការណ៍៖

បាក់ព្រិល ស្លាប់៥នាក់ និងបាត់ខ្លួន២ នាក់ នៅតំបន់ភ្នំប្រទេសអូទ្រីស

ចែករំលែក៖

ព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងប្រទេស អូទ្រីស​ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅរបស់ពលរដ្ឋ ។ មកទល់ពេលនេះ មានអ្នកស្លាប់ ដល់ទៅ​៥នាក់​ និង២នាក់បាត់ខ្លួន​ ដែលជាអ្នកជិះស្គីលើព្រិល នៅតំបន់ភ្នំប្រទេសអូទ្រីស ។

ដោយសារព្រិលធ្លាក់ខ្លាំងធ្វើឲ្យ បាក់រអិលធ្លាក់ពីលើកំពូលភ្នំ ​មកគ្របដណ្តប់ទៅលើក្រុមអ្នកជិះស្គី ។ ក្រុមជួយសង្គ្រោះនិយាយថា អ្នកជិះស្គីជនជាតិអាល្លឺម៉ង់២នាក់ស្លាប់ នៅក្នុងហេតុការណ៍បាក់ព្រិល សង្កត់លើ ស្ថិតនៅភាគខាងលិច តំបន់ Vorarlberg កាលពី៦ ខែមករា ហើយជនជាតិស្លូវ៉ានីម្នាក់ ស្លាប់ នៅក្នុងតំបន់ Salzburg ។

សពអ្នកជិះស្គី ព្រិល ដែលបាត់ខ្លួន២នាក់នោះ ត្រូវបានរកឃើញកាលពីថ្ងៃទី​៧ខែមករា​ នៅពេលដែលព្យុះព្រិលបានបង្កឲ្យចលាចលនៅផ្នែកខ្លះ នៃប្រទេសនេះ ធ្វើឲ្យបង្ខំចិត្តបិទផ្លូវចរាចរណ៍ និងបិទសាលារៀនតែម្តង ។ អ្នកជិះស្គី២នាក់ទៀត បាននិងកំពុងបាត់ខ្លួននៅឯភាគឦសាន្តនៃប្រទេស ។ ព្រិលធ្លាក់ មានកម្រាស រហូតដល់កម្ពស់ ១.៥ម៉ែត្រ នៅភាគកណ្តាល និងភាគខាងជើងប្រទេសអូទ្រីស តាំងពីពាក់កណ្តាលសប្តាហ៍មុនមកម្ល៉េះ ។ រីឯនៅតាមជួរភ្នំទាំងឡាយ ជុំវិញតំបន់ Salzburg នោះវិញ ព្យុះព្រិលនេះ បានធ្លាក់កកកុញក្នុងកម្រាស់ជិត៣ម៉ែត្រឯណោះ ។ នេះបើតាមភ្នាក់ងារឧតុនិយមអូទ្រីស ។

ចំណែកនៅភាគអាគ្នេយ៍ តំបន់ជ្រលងភ្នំ Soelktal មនុស្សជិត២ពាន់នាក់ជាប់គាំង នៅទ្រឹងមួយកន្លែង ដោយសារតែបញ្ហាព្រិលទឹកកកនេះដែរ ។ ឧទ្ធម្ភាគចក្រយោធាដែលហោះហើរសម្រាប់សង្គ្រោះបន្ទាន់នោះ មិនអាចធ្វើសកម្មភាពបានទេ ដោយសារអាកាសធាតុអាក្រក់ខ្លាំងពេក ។ តំបន់ភ្នំ Hochkar និងទីរមណីយដ្ឋានជិះស្គី ស្ថិតនៅទីទំនាបរបស់អូទ្រីសនោះផងដែរ ក៏ត្រូវបានប្រកាសបិទរហូតដល់មានសេចក្តីណែនាំសារជាថ្មី ។ អ្នកទេសចរណ៍ត្រូវបានស្នើកុំឲ្យទៅកាន់ទីកន្លែងទាំងនោះ ។ នៅថ្ងៃអង្គារនេះ គេបានព្យាករណ៍ថា ព្រិលអាចធ្លាក់បន្ថែមទៀត ក្នុងសប្តាហ៍នេះ ដែលមានកម្ពស់៨០សង្ទីម៉ែត្រ ៕


ចែករំលែក៖