ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានអំពីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២-ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១ថង់កឹប ស្មើ ១០១៥.២ក្រាម -ទូរស័ពញទដៃចំនួន ០២គ្រឿង -សៀវភៅធនាគារសាធារណៈរបស់(ពេជ្រ រដ្ឋា) ០១ក្បាល -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក -សៀវភៅឆ្លងដែន ០១ក្បាល -ប័ណ្ណព្រំដែនកម្ពុជា-ថៃ ០១ក្បាល -សៀវភៅគ្រួសារ ០១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។
បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើមានសារភាពថា ៖ ១-ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេបានបញ្ជាទិញគ្រឿងញៀនពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ២-ឈ្មោះ ពេជ្រ រដ្ឋា ៖ រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ ០១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ ។ ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕