ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានទទួលជនបរទេសម្នាក់ ឈ្មោះ MAGDEN EKIM YUSUF ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទួរគី កាន់លិខិតឆ្លងដែនលេខ U21067826 ពីខាងតំណាងស្ថានទូតទួរគី ពីបទ« បង្កការអុកឡុក ស្រែកឡូឡា (ស្រវឹងស្រា) » នៅមុខស្ថានទូតទួរគី ដោយមានសំណូមពរពីខាងតំណាងស្ថានទូតទួរគី សុំបញ្ជូនជននេះមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់ការតាមច្បាប់ ។
បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចតុមុច ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំមកសាកសួនៅស្នាក់ការអន្តោប្រវេសន៍ ស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ១៥៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ទើបដឹងថាជននេះចូលមក ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងទេសចរ ស្នាក់នៅផ្ទះសំណាក់ រីវើរសាយ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាល បានឲ្យដឹងថា យោងតាមការសាកសួរ ពីបុរសជនជាតិតួគីនេះ ខ្លួនបានសារភាពថាពិតជាបានបង្កការអុកឡុក និងស្រែកឡូឡារ(ស្រវឹងស្រា) នៅមុខស្ថានទូតទួរគី និងស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ (ផុតកំណត់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨)និងបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្ត ៕ស តារា