ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សច្រើននាក់ របួសធ្ងន់ ស្រាល ខណៈស្រ្តីម្នាក់ បើករថយន្តបុកពីក្រោយ ពេលឈប់ស្តុប

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយស្ត្រីម្នាក់ បានបើករថយន្តម៉ាក នីសាន់ ២កឹបកន្លះ ខ្វះការប្រុងប្រយត្ន័ ជាន់ហ្វ្រាំងច្រឡំចំហ្គែ បានបុករះម៉ូតូចំនួន៥គ្រឿង កំពុងឈប់ស្តុបយ៉ាងពេញទំហឹង កិនម៉ូតូទាំងនោះជាប់ក្រោយរថយន្តកល់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង និងបានបណ្តាលឲ្យមនុស្សចំនួន៣នាក់ ក្នុងនោះមានស្រី២នាក់ តែម្នាក់ជាស្ត្រីមានផ្ទៃពោះ និងម្នាក់ទៀតជាបុរសម្នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្តុបផ្លូវ២១៧ ក្បែរផ្ទះស្រាបៀរ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកនីសាន់ ២កឹបកន្លះ ខាងលើ ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្តុបផ្លូវ២១៧ ក្បែរផ្ទះស្រាបៀរ រថយន្តបានបត់ស្តាំមកផ្លូវបេតុងវិញ ខណៈនោះដោយសារតែចរាចរណ៍ណែនណាន់ផងនោះ ស្ត្រីខាងលើបានជាន់ហ្គែច្រឡំថាជាហ្វ្រាំង បណ្តាលឲ្យរថយន្តជ្រុលទៅបុកនឹងម៉ូតូចំនួន៥គ្រឿង ដែលកំពុងឈប់ស្តុបនៅខាងមុខ បណ្តាលឲ្យកិនពីលើម៉ូតូទាំងនោះរងការខូចខាតយ៉ាងដំណំតែម្តង ហើយករណីនេះបានបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ ក្នុងនោះមានស្រី២នាក់ តែម្នាក់មានផ្ទៃពោះ និងម្នាក់ទៀតជាបុរស បានរងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីសាកសួរ។

ក្រោយកើតហេតុ ដោយសារចរាចរណ៍រងការកកស្ទះពេក នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣បានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកកស្ទះខ្លាំងពេក។ ចំណែករថយន្តនិងម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ខណ្ឌមានជ័យ ប្រគល់ឲ្យជំនាញចរចារណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕ចាន់ធឿន


ចែករំលែក៖