នៅដើមឆ្នាំ២០១៩ នេះ កម្លាំងទាហាន អង់គ្លេស៥នាក់ស្លាប់និង រងរបួសជាច្រើន ដោយសារតែការវាយប្រហារដោយមីស៊ីលពីក្រុមភេរវកម្ម IS នៅប្រទេសស៊ីរី ។ ការវាយប្រហារកើតឡើងបន្ទាប់ពីអាមេរិកប្រកាសដកទាហានចេញពីស៊ីរី។
ទាហានអង់គ្លេស៥នាក់ស្លាប់ នៅក្នុងការវាយប្រហារ ដោយមីស៊ីល ពីក្រុមភេរវកម្ម IS នៅក្នុងតំបន់ Deir Ez-Zor ប្រទេសស៊ីរី ។
នៅថ្ងៃទី១០ ខែមករា សារព័ត៌មាន Al Watan របស់ស៊ីរី បានផ្សាយថា ក្រុមភេរវកម្ម IS បានបាញ់មីស៊ីល វាយប្រហារទៅលើភូមិ Al-Shaafah ស្ថិតនៅស្រុក Abu Kamal ក្នុងខេត្ត Deir Ez-Zor ។ កម្លាំងទាហានអង់គ្លេសរង្គ្រោះស្ថិតនៅក្នុងកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិ ធ្វើសកម្មភាព នៅតំបន់ ដាច់ស្រយាលនៃដងទន្លេ Euphrates ជាប់ព្រំដែនប្រទេសអីរ៉ាក់ ដែលជាតំបន់ដែលក្រុមភេរវកម្ម IS ក្តាប់សិទ្ធិគ្រប់គ្រងនៅទីនោះ ។ ចំណែកកម្លាំងទាហានដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ស្ថិតនៅក្នុងស្រុក Hasakah ភាគខាងជើងស៊ីរី។
ប្រសិនបើព័ត៌មានខាងលើជាការពិត នេះជាការវាយប្រហារលើកទីពីរហើយរបស់ក្រុមIS ទៅលើកម្លាំង ទាហានអង់គ្លេសក្នុងរយៈប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ កាលពីថ្ងៃទី ៦ខែមករា ទាហានអង់គ្លេស ពីរនាក់ រងរបួស និង ទាហានជនជាតិឃឺដ ម្នាក់ស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលពីក្រុមភេរវកម្ម IS ផងដែរ។
កាលពីខែធ្នូ កន្លងមក ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា អាមេរិកនឹងដកទាហានចេញពីស៊ិរី ក្រោយពេលក្រុមភេរវកម្ម IS ត្រូវបានកម្ចាត់ទាំងស្រុងនៅក្នុងប្រទេសនេះ ។ប៉ុន្តែការដកទាហាននោះមិនអាចធ្វើឡើងភ្លាមៗនោះឡើយ ដោយពេលនេះអាមេរិក មិនទាន់អាចកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយ៕