ភ្នំពេញ៖ ទឹកប្រាក់ប្រមាណជា ១៩០០លានដុល្លារអាមេរិក ដែលអ្នកវិនិយោគចិនបានសម្រេចបោះទុន ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាកាន់តែខ្លាំង ដើម្បីសាងសង់គម្រោងTEMI នៅក្នុងទឹកដីខេត្តកោះកុង ។
ក្រុមហ៊ុនUnion City Development Group Co.,Ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment Media Co.,Ltdកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០១៩កន្លងមកនេះបានរៀបចំកម្មវិធីសម្ពោធគម្រោងTEMIជាលក្ខណៈសាកលជាលើកដំបូងនៅមជ្ឈមណ្ឌលP.G.C.Tយ៉ាងជោគជ័យ។
គម្រោងTEMIស្ថិតក្នុងផ្ទៃដីប្រមាណជា២៥០០ហិកតា ដែលគម្រោងTEMIបានមកពីពាក្យកាត់ជាអក្សរអងគ្លេស ទេសចរណ៍(T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine) និង អន្តរជាតិ(I-International) ដោយបែងចែកជា៣ដំណាក់កាលធ្វើការសាងសង់។
គម្រោងTEMIគឺជាគម្រោងសំខាន់មួយរបស់គម្រោងតារាសាគរ ដែល មានទំហំដី ៣ម៉ឺន៦ពាន់ហិតា ហើយមានទីតាំងស្ថិតនៅស្រុកបុរីសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រ និង៥០គីឡូពីកំពង់សោម តាមផ្លូវទឹក ដែលបានដាក់សម្ពោធ សាងសង់នាពេលកន្លងមក ។
នាយកទីផ្សារគម្រោងTEMI កញ្ញា Lin Wang បានឲ្យដឹងក្នុងពិធីបង្ហាញ គម្រោងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា ក្រុមហ៊ុនបន្តវិនិយោគបន្ថែមចំនួន ១៩០០លានដុល្លារទៀត ក្នុងគម្រោងនេះ ដោយមានសាងជាកន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយ តំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្ត ។ល។រួមបញ្ចូលគ្នា ។
កញ្ញាបន្ថែមថា ផលិតផលដាក់បង្ហាញ គឺទីក្រុងធីមី (TEMI) ស្ថិតនៅចំបេះដូងនៃតំបន់ តារាសាគរទាំងមូល មានលក្ខណៈ ជាវីឡារីសត អូប័រទេសចរណ៍ ទូកកំសាន្ត ។
គម្រោងដែលវិនិយោគ ១៩០០លានដុល្លារ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៥០០ហិកតា ។ គម្រោងនេះ មានរយៈពេល១០ឆ្នាំ ហើយនៅពេលសាងសង់រួច ទីក្រុងនឹងអាចផ្ទុកមនុស្សបាន ៣០ម៉ឺននាក់។ បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ដែលនឹងចេញជារូបរាង ជាផ្ទះគំរូក្នុងរយៈពេលប៉ុន្មានខែក្រោយ។
កញ្ញាបញ្ជាក់យ៉ាងដូច្នេះថា “ថ្ងៃនេះ យើងផ្តោតលើការបើកគម្រោង TEMI រីសតទេសចរណ៍ ព្រោះតំបន់ TEMI ស្ថិតក្នុងបេះដូងនៃតារាសាគរទាំងមូល។ អីចឹងដើម្បីឲ្យ គេ ដឹង គេស្គាល់ ជាលើកដំបូងឲ្យគេរើសកន្លែង ដែលល្អដើម្បីលក់ជាលើកដំបូង។ គោល ដៅចូលមកនៅរបស់យើងគឺគ្រប់ ពូជសាសន៍ទាំងអស់មិនមែនថាចិន ឬខ្មែរទេ គឺផ្តល់ឲ្យគ្រប់ជាតិសាសន៍ លើពិភពលោកអាចទិញបានដូចគ្នា មានលក្ខណៈជាវីឡា វិនិយោគ ឬទិញដីសម្រាប់ការសាងសង់ខ្លួនឯង ក៏បានដែរ មាន៣ជម្រើស” ។
ជាមួយគ្នានោះ នាយកទីផ្សារូបនេះ ក៏លើកឡើងទៀតថា ការសម្រេចចិត្តមកវិនិយោគ ដោយមើលឃើញពីសេដ្ឋកិច្ចកម្ពុជា រក្សាកំណើន ៧% ប្រចាំឆ្នាំ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាប់ៗគ្នា ក្នុងរយៈពេល១០ឆ្នាំនេះ គ្មានប្រទេសណារក្សាទិន្នន័យ បានដែលធ្វើឲ្យមានការចាប់អារម្មណ៍ ចូលមកវិនិយោគ ដើម្បីជួយអភិវឌ្ឍន៍កម្ពុជា មានសក្តានុពលលើវិស័យ ទេសចរណ៍កាន់តែខ្លាំង។ ទីក្រុង TEMI នេះ ជាផ្នែកមួយរបស់តារាសាគរ ហើយរំពឹងថា នឹងសម្រេចបានទៅតាមដំណាក់ៗ ៕ស តារា