អ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារ ទៅលើទីតាំងនៅក្នុងប្រទេសស៊ីរី ដោយមិនខ្វល់ពីប្រព័ន្ធការពារមីស៊ីលដ៏ទំនើបរបស់ស៊ីរីនោះឡើយ ។ ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ត្រូវបាន កម្លាំងទាហានស៊ីរី បាញ់ទម្លាក់ ដល់ទៅ៨ដើម ដែលបានហោះសម្តៅចូលទៅទីក្រុង Damascus ។
បណ្តាញទូរទស្សន៍ជាតិស៊ីរី នៅថ្ងៃទី១២ ខែមករា បានផ្សាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីល ទៅកាន់ រដ្ឋធានីដាម៉ាកាស ប៉ុន្តែត្រូវបានទាហានការពារដែនអាកាសបាញ់ទម្លាក់ ។ ការបាញ់ប្រហារខាងលើ កើតឡើងនៅវេលាម៉ោង២៣និង១៥នាទីយប់ថ្ងៃទី១១ខែមករា ។ កម្លាំងទាហានអាកាសស៊ីរី បានវាយស្ទាក់មីស៊ីលជាច្រើនគ្រាប់ ប៉ុន្តែនៅមានមីស៊ីលវាយប្រហារចម ឃ្លាំង ទំនិញនៅក្នុងអាកាសយានដ្ឋាន ក្នុងទីក្រុង រងការខូចខាតផងដែរ ។
នេះជាលើកទីពីរហើយដែលអ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើទីតាំងនៅក្នុងប្រទេសស៊ីរីបើទោះបី ស៊ីរីមានមីស៊ីលការពារដ៏ទំនើប S-300 ។
កាលពីចុងខែធ្នូកន្លងមក អ៊ីស្រាអែលក៏បានបើកការវាយប្រហារទៅលើទីតាំងនៅក្នុងរដ្ឋធានីដាម៉ាកាស ផងដែរ ដោយធ្វើការវាយប្រហារពីប្រទេសលីបង់ ។
មន្ត្រីអ៊ីស្រាអែលបានប្រកាសថា រដ្ឋាភិបាលទីក្រុង Tel Aviv បានប្រកាសថា នឹងបំផ្លាញឃ្លាំងអាវុធ ទាំងអស់របស់ក្រុមហេបូឡាស និងអីរ៉ងនៅលើទឹកដីស៊ីរី ។រុស្ស៊ីបានថ្កោលទោសការវាយប្រហារខាងលើ ដោយចាត់ទុកថានេះជាសកម្មភាពឈ្លានពានដែនអធិបតេយ្យស៊ីរី ៕