ខេត្តក្រចេះ៖ លោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវបានគេទទួលស្គាល់ថាគាត់មានចំណុចខ្លាំងច្រើន ក្នុងដំណាក់កាលដឹកនាំ ឈរជើងនៅកន្លែងខ្លាញ់ ពុករលួយដ៏ឈានមុខ បានយូរអង្វែង ស្ទើរក្លាយជាសេដ្ឋីដោយតំណែង តាមរយះការប្រើវប្បធម៍កៀបសង្កត់ផង ឃុបឃិតជាមួយឈ្មួញ រកសុីទុច្ចរិត បង់ពន្ធមិនគ្រប់ផង គេចពន្ធផង។ ដូចជាករណី ក្នុងនាមខ្លួនគ្រប់គ្រងបារ៉ាស់កុងត្រូល គឺអនុវត្តការងារ រាប់ក្បាលឡានយកលុយ ជាទម្លាប់ដែល លោក កើត ដារ៉ាសុី ប្រព្រឹត្តជោគជ័យមកដល់បច្ចុប្បន្ន មានលុយហូរហៀរ មុខមាត់ខ្ពស់។
មន្ត្រីបានលើកឡើងថា៖ តួនាទីរបស់លោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បើតាមអនុក្រិត្យ៦៤ មសន មានសិទ្ធ តួនាទីត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល ,អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន ផ្តល់ទិដ្ឋាការជូនភ្ញៀវចូលប្រទេស។ ផ្ទុយទៅវិញ លោក កើត ដារ៉ាសុី ដឹកនាំដោយភាពមិនប្រក្រតី គឺធ្វើកិច្ចការជំនួសនិងគ្របដណ្តបលើស្ថាប័នគយ ក៏ដូចជាករណីខ្លះបិទភ្នែកជាមួយគយ«កម្លាំងសហការ សមគំនិតគ្នា» អោយទំនិញលោតឆ័ត្រចូល ហើយចេញត្រឡប់ទៅវិញ,អោយមានបញ្ហមិនប្រក្រតីលើការងារ «ឃ្លាទំនិញ» បង់ពន្ធខុសពីយថាហេតុប្រភេទទំនិញ, ករណីបង់ពន្ធមិនគ្រប់,នេះជាដើម។
ជាធម្មតាក្រុមឈ្មួញ និងខាងក្រុមហ៊ុនដឹកជញ្ជូនទំនិញតែងបង់លុយលក្ខណះក្បាលឡានអោយខាងលោក កើត ដារ៉ាសុី ជាប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ សម្រាប់ក្បាលឡានយីឌុប ឬឡានកុងតឺន័រ ដឹកទំនិញចូលត្រូវបង់១គ្រឿងតាមតំលៃទាមទារ ឯកភាពគ្នា ហើយទឹកប្រាក់មានលក្ខណះខុសគ្នាបន្តិច រវាងឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនយោគយល់ រាប់អានគ្នា ទុកចិត្តគ្នា ឃុបឃិតគ្នាបំបាត់ពន្ធនាំចូលរបស់រដ្ឋលាក់អាថ៍កំបាំងស្ងាត់ស្ងៀម គឺយកតំលៃទាបជាង ឈ្មួញថ្មី អ្នកដឹកជញ្ជូនមិនទាន់យល់ចិត្តយល់ថ្លើមគ្នា។
ឈ្មួញបានលួចបង្ហើបថា៖ ទាំងឡានកុងតឺន័រ ឡានយីឌុបដឹកទំនិញចូលតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវបង់អោយខាងលោក កើត ដារ៉ាសុី ១ឡានទាបបំផុតចាប់ពី១៥០ដុល្លារ ដល់២៥០ដុល្លារ ឬឈានដល់៣០០ដុល្លារ ទៅតាមប្រភេទទំនិញ។ តែបើជាឈ្មួញស្គាល់គ្នាយូឆ្នាំ ស្ទើរជាអ្នករួមគំនិតទុច្ចរិតបំបាត់ពន្ធនាំចូលរបស់រដ្ឋ គឺខាងលោក កើត ដារ៉ាសុី យក១ឡានត្រឹមតែ១៥០ដុល្លារប៉ុណ្ណោះ។
មិនមែនជាកំហុសតិចតួចដែលលោក កើត ដារ៉ាសុី និងបក្ខពួក រកដោះស្រាយថ្លៃបាយ និងសម្រាប់ចំណូលបម្រើអោយផ្នែកបុព្វហេតុ ឯកសាររដ្ឋបាល ឬសម្រាប់កសាងអង្គភាពទេ គឺគាត់បង្កើតអោយមានអំពើពុករលួយដ៏ធ្ងន់ធ្ងរ និងទ្រង់ទ្រាយធំបំផុត តម្រូវអោយថ្នាក់លើកំណែទម្រង់លុបបំបាត់ ស្របពេលប្រទេសជាតិរីកចម្រើក គ្រប់គ្រងដោយច្បាប់ គឺមិនទុកអោយមន្ត្រីរាជការមុខងារសាធារណៈប្រព្រឹត្តប្រាស់ចាកពីផ្លូវច្បាប់ និងអនុក្រិត្យលេខ ៦៤ មសន នោះឡើយ។ ជាក់ស្តែងខ្លួនមានសិទ្ធ តួនាទីត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល ,អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន ផ្តល់ទិដ្ឋាការជូនភ្ញៀវចូលប្រទេស តែយកតួនាទីអោយឈ្មួញបង់លុយក្បាលឡាន ហើយការបង់ដោយរបៀបនេះ តាមតួលេខពីឈ្មួញត្រួសៗ គឺក្នុង១ថ្ងៃៗមានឡានដឹកទំនិញចូលតាមច្រកនេះ មានចាប់ពី៥០គ្រឿង ទៅ៦០គ្រឿង ឬ៦០គ្រឿង ដូច្នេះគិតជាចំណូលបុគ្គលគាត់(កើត ដារ៉ាសុី) និងបក្ខពួកគាត់បានប៉ុន្មានពាន់ដុល្លារក្នុង១ថ្ងៃ..? ចុះបើ១ខែ ចុះបើ ១ឆ្នាំវិញ តើចំណូលបានមកដោយគំនិតទុច្ចរិតនេះប៉ុន្មានសែនដុល្លារទៅ..???
ដោយឡែកមានករណីមួយទៀត គឺលោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ សុីលុយឆ្ងាញ់បំផុត ដោយកម្រិតខ្ពស់ ស្ងាត់ស្ងៀម ប៉ុន្តែបើថ្នាក់លើដឹង ស្រាវជ្រាវឃើញ អាចចាត់ទុកថា៖ លោក កើត ដារ៉ាសុី បង្កើតវិច្ឆេតកម្មសេដ្ឋកិច្ចជាតិ ខណៈអោយទំនិញឈ្មួញវៀតណាម ដឹកទំនិញពីអឺរ៉ុប ជាផលិតផលល្បីៗ ជាលេសនាំចូលប្រទេសកម្ពុជា ប៉ុន្តែប្រើទឹកដីកម្ពុជា អោយទំនិញនោះដឹកចូលមួយភ្លែត រួចបែក្បាលត្រឡប់ទៅទឹកដីវៀតណាមវិញ ថាជាទំនិញនាំពីប្រទេសកម្ពុជាទៅវៀតណាម គឺលោក កើត ដារ៉ាសុី សុីឆ្ងាញ់ណាស់ ១ឡាន២០០០ដុល្លារ ទៅ២៥០០ដុល្លារ ឬ៣០០០ដុល្លារ ទៅតាមប្រភេទទំនិញ។ ករណីនះពាក់ព័ន្ធនិងគយ ក៏ដូចជា ជាមួយសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរខាងភាគីវៀតណាម។
ទំនិញលោតឆ័ត្ររបស់ឈ្មួញវៀតណាមលក្ខណះបែបនេះ ជាធម្មតាខាងភាគីកម្ពុជាត្រូវយក១ឡាន៥០០០ដុល្លារ ទៅ៦០០០ដុល្លារ តែសម្រាប់ខាងលោក កើត ដារ៉ាសុី មួយស្ថាប័នប៉ុណ្ណោះ ទាមទារ២០០០ដុល្លារ ២៥០០ដុល្លារ ដល់៣០០០ដុល្លារ លើសគេ…ចុះបើសម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះ បានចេញបទបញ្ជាអោយតាមបណ្តាច្រកមានតែខាងគយ និងខាង នគរបាលអន្តោប្រវេសន៍នោះ តើលោក កើត ដារ៉ាសុី គាត់រីកមុខដល់កម្រិតណា រឿងឆក់យកប្រយោជន៍ក្នុងតំណែងបាននិងកំពុងប្រព្រឹត្តអំពើពុករលួយដ៏ជោគជ័យនេះ…។
ពាក់ព័ន្ធករណី លោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ត្រូវគេរិៈគន់ថា៖ ពុករលួយ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អង្គភាព«នគរវត្ត»មិនអាចសុំការពន្យល់បំភ្លឺ បកស្រាយអោយបានលម្អិតណាមួយបានទេ ដោយតាមទូរស័ព្ទ លោកគ្រាន់តែបញ្ជាក់ថា៖ «ចំពោះរឿងឡានដឹកទំនិញ យ៉ាងណាយ៉ាងណីនោះ ខ្ញុំអត់ដឹងអីទេ…រឿងចឹងៗ ត្រូវសួរនាំទៅខាងគយវិញ..ខ្ញុំសូមទោសផង» រួចក៏បិទទូរស័ព្ទ។
ដោយឡែក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កន្លងទៅបានមានប្រសាសន៍ប្រាប់អង្គភាព«នគរវត្ត»តាមទូរស័ព្ទថា៖ រឿងខាងនគរបាលអន្តោប្រវេសន៍អនុវត្តផ្ទុយពីតួនាទី ភារកិច្ច អាចសួរទៅលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ ព្រោះគាត់គ្រប់គ្រងកិច្ចការជំនាញនេះផ្ទាល់។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍ មិនបានធ្វើអត្ថាធិប្បាយពន្យល់នៅឡើយទេ ជាមួយអង្គភាព«នគរវត្ត» តាមទូរស័ព្ទលោកមានប្រសាសន៍ថា៖ គ្រប់បញ្ហាដែលកើតមានដោយប្រការណាមួយ អាចសួរទៅកាន់អ្នកនាំពាក្យ គាត់និងធ្វើការបកស្រាយដោយកម្រិតណាជូន។ ប៉ុន្តែនៅព្រឹកថ្ងៃខែដដែល អង្គភាព«នគរវត្ត» មិនអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកនាំពាក្យខាងអគ្គនាយកដ្ឋាននគបាលអន្តោប្រវេសន៍បាននៅឡើយ។
មន្ត្រីនគរបាលអន្តោប្រវេសន៍បានរំលឹក និយាយលេងដូចមែនថា៖ តំណែងលោក កើត ដារ៉ាសុី គ្រឹះរឹងមាំណាស់ មិនមែនដោយចំណេះ សមត្ថភាព ការដឹកនាំគ្រប់គ្រងកម្លាំងប្រកបដោយតម្លាភាព តាមអនុក្រិត្យ៦៤ មសន នោះទេ គឺគាត់មានសែទុយោ ប្រភពចំណូល អាចយកទៅបំពេញតម្រូវការថ្នាក់លើបាន រហូតដល់គាត់(កើត ដារ៉ាសុី) ធ្លាប់និយាយដោយក្តីអំនួតថាគ្មានមេៗណា ហ៊ានដកតំណែងគាត់ ផ្លាស់ប្តូរកន្លែងធ្វើការដោយគ្មានការឯកភាព សុំពីគាត់ឡើយ។ បានន័យថា៖ គាត់កាន់កន្លែងណាហើយ គឺតំណែងប្លង់រឹង ដកក៏មិនបាន ប្តូរកន្លែងធ្វើការក៏មិនអាចទៅរួច លើកលែងតែគាត់ចង់ទៅកន្លែងណាដែលគាត់ចង់ទៅប៉ុណ្ណោះ ទើបថ្នាក់លើចាត់ចែងអោយមួយកំប្លេតែម្តង។
មន្ត្រីនិយាយថា៖ លោក កើត ដារ៉ាសុី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ទោះជាប្រាក់ខែដូចគេ ដូចឯង ប៉ុន្តែគាត់មានសមត្ថភាពសង់ភូមិគ្រឹះក្នុងតំលៃរាប់លានដុល្លារ តាមរយះសមត្ថភាពគាត់ខិតខំក្នុងតំណែង បើប្រៀបធៀបអ្នកធំខ្លះ និងមានអតីតៈភាពការងារយូឆ្នាំ បុណ្យស័ក្តិខ្ពស់ មិនអាចមានទ្ធភាពមួយជម្រៀកគាត់(កើត ដារ៉ាសុី)នោះឡើយ នេះដោយសារវាសនា ឬឱកាស..?? ៕
ដោយ៖ សុខ ខេមរា