ភ្នំពេញ៖ ក្រោយពីលេចធ្លាយចេញការរិះគន់ និងចែករំលែងអំពីការសង្ស័យថានាយទុយលេងថ្នាំ និងបង្ហោះសារបែបប្លែកៗនោះបានធ្វើឲ្យគេមានភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការរិះគន់ចំពោះពិធីករចាស់វស្សារូបនេះ ។ តបការរិះគន់ និងក្រោយការបកស្រាយរបស់នាយទុយ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ចង់ឲ្យនាយទុយធ្វើការពិនិត្យទឹកនោមដើម្បីបញ្ជាក់ភាពស្អាតស្អំ និងបង្ហាញជាសាធារណៈ ។
ទើបនឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើលរឿងការចាប់ខ្លួនអតីតពិធីករទូរទស្សន៍CTN លោក ឡាយអិន កាលពីប៉ុន្មានសប្តាហ៍មុន ស្រាប់តែលេចការសង្ស័យថាពិធីករកម្មវិធីមន្តស្នេហ៍សំនៀង លោក អ៊ឹង រដ្ឋា ហៅទុយកំពុងតែប្រើប្រាស់គ្រឿងញៀន ។
សង្ស័យក្រោយពីតារាប្រុសរូបនេះបានធ្វើការបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះដោយក្នុងវីដេអូនេះគេឃើញមានថតជាប់ដបទឹកសុទ្ធដែលកែច្នៃស្រដៀងគ្នាទៅនឹងដបទឹកសុទ្ធដែលគេធ្លាប់បានឃើញក្រុមយុវវ័យច្នៃដើម្បីជក់គ្រឿងញៀននោះ ។
ស្របពេលនឹងការបង្ហោះសារប្លែកៗក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយគឺបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនដាក់ការសង្ស័យមួយថាពិធីករល្បីឈ្មោះរូបនេះកំពុងប្រើប្រាស់គ្រឿងញៀនរហូតដល់ដំណាក់កាលវង្វេងវង្វាន់ ។
ទោះជាយ៉ាងណាតារារូបនេះបានចេញមុខបន្តផ្ទាល់(Live)វីដេអូភ្លាមៗផងដែរក្រោយពីដំណឹងសង្ស័យជក់គ្រឿងញៀនបានល្បីល្បាញពេញបណ្តាញសង្គមហ្វេសប៊ុក ។ តារារូបនេះលើកឡើងថាលោកមិនបានប្រើប្រាស់គ្រឿងញៀនដូចការសង្ស័យ និងផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមនោះទេ ហើយដបដែលទឹកសុទ្ធនោះគឺលោកធ្វើដើម្បីងាយស្រួលទទួលទានទឹកតែប៉ុណ្ណោះ ។
នាយទុយបញ្ជាក់បន្ថែមថាសារដែលលោកបានបង្ហោះប្លែកៗនោះគឺក្រោយពីលោកមានបញ្ហាសុខភាពរហូតដល់ការដេកមិនសូវលក់ និងពេលខ្លះយល់សប្តិមិនល្អដូចមានអ្នកប្រុងមកយកជីវិតលោករហូតដល់ពេលខ្លះស្រែកធ្វើឲ្យភ្ញាក់ផ្អើលដល់បងប្អូនក្នុងផ្ទះផងដែរ ។
បន្ថែមលើការបកស្រាយបញ្ជាក់របស់ នាយ ទុយ មក ស្រាប់តែប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណាបានចេញមុខបញ្ជាក់បន្ថែមជុំវិញការបកស្រាយនេះ ។
អ្នកនាងបញ្ជាកថាតាមរយះការបកស្រាយវីដេអូនេះហើយនៅមានការលើកមតិជាច្រើនដែលជាចំណុចអវិជ្ជមាន បើគាត់ហ៊ានពិនិត្យទឹកនោមដើម្បីបកស្រាយបញ្ជាក់ការពិតឲ្យបងប្អូនដែលចង់ដឹងរឿងរបស់គេអស់ចិត្តតើបងប្អូនមានអ្វីឲ្យគាត់វិញ ? ឲ្យលុយ ឲ្យផ្ទះ ឲ្យការងារមានប្រាក់ខែដល់គាត់ឬ ?អ្នកនាងបញ្ជាក់បន្ថែមទៀតថា” ខ្ញុំមិនកាន់ជើងនិងគាំទ្រលើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងញៀនទេ តែខ្ញុំនិយាយតាមការបកស្រាយរបស់គាត់គឺគាត់បាននិយាយហើយ តែមតិរបស់មនុស្សមួយចំនួនគឺចូលចិត្តដេញជើងនិងជាន់គេណាស់ តាមរយះរឿងរ៉ាវមួយចំនួនកន្លងមកគឺបើបុគ្គលណាធ្វើអ្វីមួយឆ្គាំឆ្គងហើយបុគ្គលនោះបានបកស្រាយសុំទោសជាសាធារណះ នៅតែឃើញមានមតិជាច្រើនដែលមិនទទួលស្គាល់យល់ព្រមនូវការសុំទោសទាំងនោះ” ។
នាងលើកឡើងថានេះបញ្ជាក់ថាប្រជាជនយើងមួយចំនួនគ្មានការអធ្យាស្រ័យជនមានកំហុសដែលដឹខុសនោះទេ ។ សួរថាពួកអ្នកជាអ្វីបានជាត្រូវបញ្ជារឲ្យគេធ្វើតាមការចង់បានរបស់ខ្លួន ?ទំនេរណាស់មនុស្សមួយចំនួន សំបូរពេលវិភាគរឿងគេណាស់ ហើយក៏ចូលចិត្តរុញមនុស្សឲ្យស្លាប់ដែរ ។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយដែរថា តើពិធីករ លោក អ៊ឹង រដ្ឋា ហៅទុយ ដែលកំពុងព្យូរសេរ៉ូមនៅផ្ទះនោះនឹងចេញទៅពិនិត្យទឹកនោមមែនដូចការលើកឡើងរបស់អ្នកនាង ចន ច័ន្ទលក្ខិណាដែរឬយ៉ាងណា ។
ដំណឹងខ្សឹបខ្សៀវពីក្នុងចង្កោមសិល្បៈក៏នៅតែមិនទាន់រលត់នៅឡើយ ខណៈដែលពួកគេធ្លាប់លើកឡើងថា រឿងប្រើប្រាស់ថ្នាំញៀនមិនមែនកើតមានឡើងសម្រាប់តែយុវវ័យមួយចំនួនទេ គឺសូម្បីសិល្បៈខ្លះក៏លួចប្រើប្រាស់ដែរដែលពួកគេជឿថាវាអាចធ្វើឲ្យពួកគេសប្បាយ មិនសូវទទួលទានអាហារច្រើនធ្វើឲ្យរាងស្គមឬស្រកគីឡូ ជាដើម ។
ក្រោយការប្រើប្រាស់អ្នកខ្លះក៏ប្រើប្រាស់ដើម្បីសប្បាយយូរៗម្តង ហើយអ្នកខ្លះក៏ជ្រុលខ្លួនញៀនផ្តាច់លែងបានទៅជាមនុស្សបាត់បង់សតិវង្វេងវង្វាន់ រហូតសិល្បករមួយចំនួនតូចឈានដល់ការជួញដូរផងដែរ៕ វឌ្ឍនា