ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅម៉ោងប្រមាណ៨.១៨​នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានអញ្ជើញដឹកនាំគណៈប្រតិភូតាមជេីងយន្តហោះពិសេ​ស​មកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស។

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់ឱកាស សម្រាប់សមាជិកសភានៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗ ខាងផ្នែកនយោបាយសង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច៕


ចែករំលែក៖