ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមសង្ក្រាន្តបាត់ដំបងឆ្នាំនេះកាន់តែធំ និងទាក់ទាញខ្លាំងជាងមុន

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីឆ្នាំមុន បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីមហាជន និងទទួលបានអ្នកចូលរួមមិនតិចជាង៧ម៉ឺននាក់នោះទេ ។

សម្រាប់ឆ្នាំនេះ សង្ក្រាន្តបាត់ដំបង នឹងកាន់តែធំ និងកាន់តែទាក់ទាញខ្លាំងបន្ថែមទៀតដើម្បីទាក់ទាញបន្ថែមទៀត ។

សង្ក្រាន្តបាត់ដំបងលើកទី១ត្រូវបានរៀបចំឡើងដោយ សហភាពសហ័ន្ធយុវជនកម្ពុជាប្រចាំខេត្ត បាត់ដំបង ជាមួយនឹងការសាទរអបអរខ្លាំង ព្រោះតែព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងភាពសម្បូរសប្បាយរបស់ប្រជាជនរស់នៅលើទឹកដីខេត្តបាត់ដំបង។ ព្រឹត្តិការណ៍កន្លងទៅក៏បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនទាំងពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ខេត្តនានា និងភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ។ គេចាំបានមានសិល្បករខ្មែរល្បីៗជាច្រើននាក់បូករួមទាំងសិល្បករចិនបានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។ អ្វីដែលគេចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍នេះគឺការកសាងខ្លោងទ្វារដ៏ស្រស់ស្អាតទាក់ទាញ ពិសេសរូបផ្លែម្នាស់និងពោតយក្ស ។ នៅមានតំបន់កម្សាន្តជាច្រើន អាចទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជនឲ្យចូលរួមទស្សនា ចូលរួមលេងកម្សាន្ត និងភ្លក់រសជាតិអាហារប្រចាំតំបន់ជាច្រើនរបស់ខេត្តបាត់ដំបង។ កម្មវិធីនេះប្រមូលផ្តុំរៀបចំបង្ហាញអំពីសាសនា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ ជីវភាពរស់នៅ តំបន់ទេសចរណ៍ របស់ប្រជាពលរដ្ឋនៃខេត្តមួយនេះទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ។

សម្រាប់ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងគ្រោងនឹងបង្កើតព្រឹត្តិការណ៍ទាក់ទាញជាច្រើនទៀតដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។ គោលបំណងសំខាន់ក្នុងព្រឹត្តិការណ៍នេះគឺបង្កើនសកម្មភាពទាកទាញ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនាឱកាសចូលឆ្នាំថ្មីខាងមុខ។ ក្នុងឱកាសនោះដែរក៏នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំនឹងត្រូវបានធ្វើឡើងដោយមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍Nice TV ផងដែរ។

គួរបញ្ជាក់ដែរថាការបង្កើតព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ២០១៩នេះក៏ស្របតាមការចង់បានពីសំណាក់មហាជនជាច្រើនព្រោះតែជាកម្សាន្តសប្បាយជួបជុំដូចគ្នានេះបន្តទៀតនៅឆ្នាំក្រោយព្រោះជាឱកាសជួបជុំកម្សាន្តសប្បាយ រិតចំណងមិត្តភាព ការឆ្លុះបញ្ចាំង និងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ៕ វឌ្ឍនា


ចែករំលែក៖