ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីជប់លៀងអបអរសាទរនៃការប្រកាសជាផ្លូវការ “ក្រុមប្រឹក្សាវប្បធម៌អាស៊ី -Asian Cultural Council (ACC) ដែលពិធីនេះធ្វើឡើងនៅទីលាជល់ដំរី ខេត្តសៀមរាប។ ការប្រកាសជាផ្លូវការនៃ ACC គឺធ្វើឡើងស្របពេលនៃកិច្ចកិច្ចប្រជុំ ប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី ២៧ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ -១៧ ខែមករា ឆ្នាំ២០១៩ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប។
មុននឹងពិធីចាប់ផ្ដើមពិធី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលស្វាគមន៍ដល់បណ្តាថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញមកចូលរួមអបអរសាទរក្នុងពិធីប្រកាសជាផ្លូវការ “ក្រុមប្រឹក្សាវប្បធម៌អាស៊ី” (ACC) ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសផ្សេងៗដូចជា ប្រទេសបង់ក្លាដេស, កម្ពុជា, ចិន, ហ្សកហ្ស៊ី, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីរ៉ាក់, ឡាវ, កូរ៉េខាងត្បូង, ឡេបាណន់, ម៉ាឡេស៊ី, ម៉ុនហ្គោលី, មីយ៉ានម៉ា, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន, រុស្ស៊ី, សិរីលង្កា, ថៃ, វៀតណាម, អាហ្វ្រិក, អាមេរិកឡាទីន, អាមេរិកខាងជើង, អឺរ៉ុប, អង្គការអ្នកប្រជាធិបតេយ្យនិយម និងបណ្តាអង្គការអន្តរជាតិ (CDI-IDC), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការយូណេស្កូ (UNESCO)។
សូមបញ្ជាក់ផងដែរថា ACC ត្រូវបានបង្កើតជាស្ថាពរនៅក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការUNESCO អង្គការ ICAPP នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
នៅក្នុងឱកាសនៃពិធីអបអរសាទរ និងប្រកាសជាផ្លូវការនៃ “ក្រុមប្រឹក្សាវប្បធម៌អាស៊ី” (ACC) គឺមានការ អញ្ជើញឡើងថ្លែងសុន្ទរកថាអបអរសាទរពីក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសហប្រធានស្ថាបនិកកិត្តិយសរបស់ ACC រួមមាន ឯកឧត្តម Muhammad Jusuf Kalla អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី, ឯកឧត្តម Jose de Venecia អតីតអ្នកនាំពាក្យនៃសភាតំណាងរាស្រ្តហ្វីលីពីន, ឯកឧត្តម KP Shama Oli នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់, ឯកឧត្តម Andrés Pastrana Arango អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡំប៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC)។ ថ្នាក់ដឹកនាំទាំងអស់បានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ និងចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជាដែលមានការវិវត្តន៍រីកចម្រើន ជាពិសេសអបអរសាទរដែលកម្ពុជាមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ព្រមទាំងបានកោតសរសើរពីសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាដែលបានផ្តល់នូវតម្លៃជាសកល។
នៅរាត្រីយប់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែង ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) សម្តេចបានស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ។ នេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុមប្រឹក្សា ACC ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជាដែលស្ថិតនៅចំចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ីដែលជាភាពសម្បូរដោយវប្បធម៌ចម្រុះដែលប្រជាពលរដ្ឋអាចរស់នៅជាមួយគ្នាបាន ជាពិសេស គឺបានលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានអញ្ជើញថ្នាក់ដឹកនាំក្រុមប្រឹក្សាវប្បធម៌អាស៊ី មកចូលរួមនិងរួមគ្នាសហការល្អបំផុតជាមួយអង្គការយូណេស្កូ ក្នុងគោលបំណងដើម្បីគ្រប់គ្រងថែរក្សាអភិរក្សបេតិកភ័ណ្ឌវប្បធម៌កម្ពុជាប្រកបដោយជោគជ័យ បន្ទាប់ពីយើងទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ។
តាមរយៈការអភិវឌ្ឍន៍ផ្នែកវប្បធម៌នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងឈរលើកគោលការណ៍ នៃការយោគយល់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងការផ្តល់យោបលឲ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជាពិសេសសូមសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ល្អក្នុងការស្នាក់នៅលើកទឹកដីអង្គដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកភ្ញៀវកិត្តិយសទាំងអស់បានពិសារអាហារ និងទស្សនាការសម្តែងសិល្បៈមកពីប្រទេសជាសមាជិកនៃក្រុមប្រឹក្សា ACC នៅក្នុងបរិយាកាសស្និទ្ឋស្នាលរីករាយ និងអធិកអធមក្រៃលែង៕