ភ្នំពេញ ៖ រហូតមកដល់យប់ថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩នេះ មន្ដ្រីក្រសួងសុខាភិបាល និង អាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញានិងក្រោមការបញ្ជាផ្ទាល់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បាន និងកំពុងស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀហើយឈានទៅដល់ការឃាត់ខ្លួនមេការនិងជាអ្នកគិតលុយជនជាតិចិនម្នាក់ពាក់ ព័ន្ធករណីបង្ខំឲ្យនារីម្នាក់វះកាត់ និង បង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន។ដោយសារតែពួកគេគ្មានលុយបង់ថ្លៃព្យាបាលតាមការកំណត់របស់មន្ទីរពេទ្យនោះ ។
មន្ត្រីនគរបាលខណ្ឌទួលគោកនៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែង ថា សមត្ថកិច្ចសម្រេចឃាត់ខ្លួនមេការ និង ជាអ្នកគិតលុយជនជាតិចិនម្នាក់ ហើយជនសង្ស័យរូបនេះកំពុងស្ថិតក្នុងការសួរនាំ។ ដោយឡែកសម្រាប់អ្នកផ្សេងទៀតត្រូវ បានដោះលែងវិញ។
យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រី សួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេទៀត ផង។
មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការឲ្យតឹងរឹុងបំផុត ពោលគឺមិនត្រឹមតែបិទត្រឹម មន្ទីរពេទ្យនោះឡើយគឺត្រូវរកអ្នកទទួល ខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។
តាមព័ត៌មានមួយចំនួនមន្ទីរពេទ្យវ៉ិច តូរៀនេះពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវចំពោះការព្យាបាលជំងឺក៏ត្រូវបានក្រសួងសុខាភិបាលបិទចោល។ ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះវ៉ិច តូរៀវិញម្ដងរហូតមានរឿងអាស្រូវជាលើកទី២។ នៅថ្ងៃដដែលនេះរដ្ឋមន្រ្តីក្រសួង សុខាភិបាលលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។
សម្រាប់ហេតុការណ៍នេះ នារីរងគ្រោះបានទៅមន្ទីរពេទ្យអន្តរជាតិវ៉ិតូរៀជាមួយ ម្ដាយ ដើម្បីមកពិនិត្យជំងឺរោគស្ត្រី។ បន្ទាប់ពីបានពិនិត្យរួចស្រាប់តែខាងមន្ទីរពេទ្យបានប្រាប់ឲ្យនារីរងគ្រោះត្រូវតែវះកាត់បើមិន វះកាត់ទេអាចនឹងស្លាប់។ភ្លាមៗនោះនារី រងគ្រោះបាននិយាយថា ខ្លួនគ្មានប្រាក់ទេ បានសុំចេញទៅក្រៅវិញថែមទាំងសុំអង្វរទៀត តែបែរជាខាងមន្ទីរពេទ្យបង្ខិតបង្ខំឲ្យនារីរងគ្រោះខាងលើត្រូវតែវះកាត់ជាបន្ទាន់ ហើយថែមទាំងមិនប្រាប់ពីតម្លៃនៃការវះ កាត់ទៀតផង ។
ភ្លាមៗនោះខាងមន្ទីរពេទ្យបានយក ក្រដាស១សន្លឹកមិនដឹងថាជាសរសេរអ្វីខ្លះនោះទេ បានឲ្យម្ដាយរបស់នារីរងគ្រោះ ផ្ដិតមេដៃ។ លុះក្រោយ វះកាត់រួច ខាងមន្ទីរ ពេទ្យបានយកវិក្កយបត្របង់ថ្លៃវះកាត់មកឲ្យគាត់ ដោយអស់ប្រាក់ចំនួន២,០០០ ដុល្លារ ថ្លៃពិនិត្យ១០ដុល្លារថ្លៃពិសោធន៍ ៤៦ដុល្លារ ហើយការវះកាត់នេះ មិនទាន់ ដឹងថាជាជំងឺអ្វីឲ្យប្រាកដនោះឡើយ ។
ភ្លាមៗនោះម្ដាយរបស់នារីរងគ្រោះគាត់មានប្រាក់តែ៦០០ដុល្លារទេសល់ប៉ុន្មាន គាត់សុំបង់រម្លស់ម្ដង១០០ដុល្លារ តែករណីនេះខាងមន្ទីរពេទ្យមិនព្រមទេទាល់តែមាន៥០០ដុល្លារទៀត។ភ្លាមៗនោះទ្វាររបស់ មន្ទីរពេទ្យក៏ត្រូវសន្តិសុខយកច្រវាក់មក ចាក់ទ្វារ មិនឲ្យក្រុមគ្រួសាររបស់គាត់ចេញឡើយ។
បុរសជនជាតិចិនរូបនេះឈ្មោះ Azhi អាយុ៤៣ ជាអ្នកគិតលុយប្រចាំមន្ទីរពេទ្យ ត្រូវនគរបាលនាំខ្លួនទៅកាន់អធិការខណ្ឌទួលគោក ដើម្បីបន្តនីតិវិធីរៀបចំឲ្យតុលាការដាក់គុក។ ចំណែកលោកស្រី សៀង សុគន្ធ ដែលជាអ្នកឈរឈ្មោះបើកមន្ទីរ ពេទ្យវ៉ិចតូរៀ ដើម្បីយកលុយប្រចាំខែ បែរជារួចខ្លួន ដោយគ្មានទោសពៃរ៍អ្វី ឡើយ។
សូមជម្រាបជូនថាយ៉ាងហោចណាស់មានមនុស្សប្រុសស្រី ជាគ្រូពេទ្យនិងបុគ្គ លិកមន្ទីរពេទ្យ វ៉ិចតូរៀ ចំនួន២៣នាក់ ដែលមានជនជាតិចិន៦នាក់ ត្រូវសមត្ថ កិច្ចឃាត់ខ្លួនដើម្បីសាកសួរពាក់ព័ន្ធដំណើររឿងចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនរងគ្រោះឈ្មោះ ភឿន មុយហៀង ភេទស្រី អាយុ១៩ឆ្នាំជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ។
បុរសជនជាតិចិនម្នាក់ ឈ្មោះ Li Guo ដែលមានឈ្មោះបណ្ណបាតង់មិនបានបង្ហាញមុខឡើយ។ ចំណែកបុរសជាគ្រូពេទ្យចិនច្រើនរូបទៀត ដែលមាននៅក្នុងបញ្ជីគ្រូពេទ្យប្រចាំមន្ទីរពេទ្យនេះ មិនត្រូវបានសួរនាំ ឬ ឃាត់ខ្លួនឡើយ ហើយក៏មិនឃើញវត្តមាននៅក្នុងមន្ទីរពេទ្យដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថាជនជាតិចិនទាំង៦នាក់ ធ្វើការក្នុងមន្ទីរពេទ្យនេះ មិនមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ ហើយនគរបាលអន្តោប្រវេសន៍សួរនាំ បន្ថែម ដែលប្រភពខ្លះបានបង្ហើបថាអាចត្រូវឃាត់ខ្លួនផងដែរ ពីបទស្នាក់នៅនិងធ្វើការដោយខុសច្បាប់ ។
យោងតាមលិខិត លេខ០០៣ អ ប ស/ម ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានសម្រេចបិទទ្វារមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានលោកស្រី វេជ្ជបណ្ឌិត សៀង សុគន្ធ ជាអ្នកទទួលខុសត្រូវ ព្រោះតែមន្ទីរពេទ្យនេះមិនគោរពតាមលិខិតបទដ្ឋាន របស់ក្រសួងសុខាភិបាល ។
សូមជម្រាបជូនថា ក្រុមអាជ្ញាធរខណ្ឌ ទួលគោកមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលនិងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត និង ស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀតាម បទបញ្ជារបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបន្ទាប់បពីបែកធ្លាយ ព័ត៌មានថា មន្ទីរពេទ្យនេះបង្ខាំងអតិថិជន ជំរិតទារប្រាក់ថ្លៃសេវាដែលអ្នកជំងឺគ្រួសារយល់ថាជាតម្លៃដែលមិនអាចទទួលយក បាន។
យោងតាមមាត្រា២៥៣បទចាប់ឃុំ ឃាំង និងបង្ខាំងដោយខុសច្បាប់បុគ្គល ណាដែលចាប់ ដែលឃុំឃាំងឬដែលបង្ខាំងបុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ឬក្រៅពីករណីដែលច្បាប់ អនុញ្ញាតត្រូវផ្តន្ទាទោស ៖
១/ ដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ បើការចាប់ការឃុំឃាំង ឬការ បង្ខាំងខ្លួនមានរយៈពេលតិចជាង៤៨ (សែសិបប្រាំបី) ម៉ោង។
២/ ដាក់ពន្ធនាគារពី៣ (បី) ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ បើការចាប់ការឃុំឃាំង ឫការ បង្ខាំងខ្លួនមានរយៈពេលចាប់ពី៤៨(សែ សិបប្រាំបី) ម៉ោងដល់តិចជាង១ (មួយ) ខែ។
៣/ ដាក់ពន្ធនាគារពី៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ បើការចាប់ការឃុំឃាំង ឬការបង្ខាំងខ្លួនមានរយៈពេលស្មើ ឬលើស ពី១ (មួយ) ខែ។
បើតាមមាត្រា២៥៤ប្រសិនបើការឃុំឃាំងនោះមានទារុណកម្ម ឫអំពើឃោរឃៅ បណ្តាលឱ្យមានមនុស្សស្លាប់ដោយគ្មាន បំណងនឹងធ្វើឱ្យស្លាប់ និងការប្រព្រឹត្តក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ឬទាមទារ ឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ)ឆ្នាំ ទៅ ៣០ (សាមសិប)ឆ្នាំ ៕ ហេង សូរិយា