ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបើកបុករថយន្ត២គ្រឿង នៅផ្លូវបំបែកជាបួន ព្យាយាមបើករត់ មកឈប់នៅមុខ​ផ្សារ​ ទំនើប​អ៊ីអន​២

ចែករំលែក៖

ភ្នំពេញ:​ បុរស​ម្នាក់បាន​បើករថយន្តដឹកទំនិញមួយគ្រឿង ជ្រុលទៅបុករថយន្ត២គ្រឿង នៅផ្លូវបែកជាបួន ហើយព្យាយាមបើករថយន្តទៅឈប់​ នៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ីអន​២​ ។ ហេតុ​ការណ៍​នេះ ​បាន​កើតឡើង​កាលពី​ម៉ោង​៨យប់​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៩​ នៅតាម​បណ្ដោយ​ឧកញ៉ា ​ម៉ុងរិទ្ធី​ កែងនឹងផ្លូវ​ ១០១៥​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត ​គេឃើញ​បុរស​ម្នាក់ បានបើកបរ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ ម៉ាកហ៊ីយ៉ាន់ដាយ​ ប្រភេទប្រាំតោន​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​3D-0214 ធ្វើដំណើរតាម​បណ្តោយផ្លូវ​ឧកញ៉ា ម៉ុងរិទ្ធី​ ក្នុងទិសដៅ ពី​លិចទៅកើ​ត​ យ៉ាង​លឿន ខណៈមកដល់​ចំណុច​កើត​ហេតុ​ បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡិចស៊ីស ​LX470​ ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ ភ្នំពេញ​2L-9192 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ កំពុង​ឈប់​​ឲ្យ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ តូយូតាព្រូស​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AR-3019 បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ បត់ឆ្វេងឆ្លងផ្លូវ​ បណ្ដាលឲ្យ​រថយន្ត​លុចស៊ីស​ខ្ទាតទៅ​បុក​និងរថយន្ត​ព្រូស​ ដែលបើកឆ្លងផ្លូវនៅខាងមុន​ពេញទំហឹង​ បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត។

ភ្លាមៗនោះរថយន្ត​​បង្ក ​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ មកឈប់​នៅ​ខាងមុខ​ផ្សារ​ទំនើប​អ៊ីអន​២​ រួចអ្នក​បើកបរ​ បាន​ទុក​តែ​រថយន្តរត់​គេច​ខ្លួន​បាត់​ ។​

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញចរាចរ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​​​វាស់វែង​ ​យក​រថយន្ត​ទាំង​បីគ្រឿង​​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​៕ ​ជ្រោយពេជ្រ


ចែករំលែក៖