រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការជ្រៀតជ្រែកដោយយោធាទៅលើប្រទេសវេណេហ្ស៊ុយអេឡា ក្នុងពេលដែល គម្រោងធ្វើរដ្ឋប្រហារដោយយោធា អាចនឹងកើតឡើងនៅក្នុងប្រទេសនេះ តាមរយៈអំពាវនាវ របស់រដ្ឋសភាវេណេហ្ស៊ុយអេឡា។
សារព័ត៌មាន RT បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការជ្រៀតជ្រែករបស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា គឺតាមរយៈក្រុមប្រឆាំង ក្នុងគោលដៅរារាំង ដល់កិច្ចពិភាក្សា ជាមួយរដ្ឋាភិបាល ។ សកម្មភាពខាងលើមិនខុសអ្វីពីការ គំរាមកំហែង ក្នុងពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសនេះធ្លាក់ក្នុងភាពចលាចល ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបញ្ជាក់ថា«អាមេរិកគួរតែឃ្លាតឲ្យឆ្ងាយ ពីបញ្ហាផ្ទៃក្នុង របស់ប្រទេសផ្សេងទៀត»។ លោក បន្តទៀតថា ការជ្រៀតជ្រេករបស់អាមេរិកចូលកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡា គឺជារឿងគ្រោះថ្នាក់ដ៏ធំ ។ ជាមួយគ្នានេះ អាមេរិក កំពុងតែ ខិតខំធ្វើឲ្យរដ្ឋាភិបាលវេណេហ្ស៊ុយអេឡាចុះខ្យោយ តាមរយៈគៀងគរ ប្រទេសជុំវិញពិភពលោកប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ។
លោក Sergei Lavrov បានបញ្ជាក់ទៀតថា អាមេរិក អាចនឹងជ្រៀតជ្រេកដោយយោធាទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដោយកន្លងមក លោកត្រាំតែងតែ បង្ហាញពីគម្រោង ប្រើប្រាស់យោធាទៅលើប្រទេសនេះតាំងពីឆ្នាំ២០១៧មកម៉្លេះ ។
ក្នុងពេលនេះដែរ សភា ដែលមានសម្លេងគ្រប់គ្រងភាគច្រើនដោយក្រុមប្រឆាំងបានប្រកាសថា ប្រធានាធិបតី ម៉ាឌូរ៉ូគឺជាអ្នក ដណ្តើមអំណាច ។ ប្រធានរដ្ឋសភាលោក Juan Guaido ជាបុគ្គលដែល អាមេរិក នឹងទទួលស្គល់ជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាស្រប់ច្បាប់ ធ្លាប់បានអំពាវនាវ ឲ្យយោធា ឈប់គាំទ្រដល់ប្រធានាធិបតី មិនស្រប់ច្បប់នៅក្នុងប្រទេសនេះ៕