ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជួនជនសង្ស័យ២ទៅតុលាការករណីឆក់កាបូបស្ពាយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជួនជនសង្ស័យចំនួន២នាក់ ទៅតុលាការ ក្រោយពីបង្ក្រាប បាននាពេលកន្លងមក និងបញ្ចប់នីតិវិធីសាកសួរ ។ ការបញ្ជួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ។

លោក ប៊ុន សត្សា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ជននេះ ឃាត់ខ្លួនបាន កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង ០០ នាទីក្រោយពីធ្វើការស្រាវជ្រាវ នៅចំណុចផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខស្តូបកម្ពុជាវៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង ៣០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាពចំនួន ០២ គ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ។

លោកនាយការិយាល័យបានបន្តទៀតថា៖ជនសង្ស័យឃាត់ខ្លួនបាននោះ ១-ឈ្មោះ ហុង ម៉េងហ៊ត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២ ឈ្មោះ ធឿន ជា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ក្នុងនោះវត្ថុតាងចាប់យកមាន ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស លេខតួ-លេខម៉ាស៊ីន ៤២៣៧៩២ គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ហុង ម៉េងហ៊ត់ ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ទឹកប្រាក់ លេខតួ-លេខម៉ាស៊ីន ៤២៤០២០ ពាក់ស្លាកលេខ ១HJ-៥៦៩៤ , ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន 6s ពណ៌ ទឹកប្រាក់ ស៊ីមកាតលេខ ០៩៨ ៩៤៨ ១៩៥ , ម៉ាក LG ពណ៌ ទឹកមាស ស៊ីមកាតលេខ ០៨៧ ៨៥៦៨៤៧ , ចិញ្ចៀនលោហធាតុ ពណ៌ លឿងស្លេក ចំនួន ០២ វង់ , ខ្សែក ចំនួន ០១ ខ្សែ ,បណ្តោងរូបឆ្កែ ចំនួន ០១ ចាប់យកពីឈ្មោះ ធឿន ជា ភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបាន នាឡិកាដៃម៉ាកCARTIER ខ្សែស្បែក ពណ៌ សូកូឡា ដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់ , ខ្សែក លោហធាតុ ពណ៌ លឿងស្លេក មានបន្តោងរូបព្រះចំនួន ០១ ដាំត្បូងពណ៌សចំនួន ២៥ គ្រាប់ និងប្រាក់ដុល្លារចំនួន ២៥០០ ដុល្លារអាមេរិក ។ ចំណែកជនរងគ្រោះ ឈ្មោះ ទូ សុទ្ធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ៨ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ លក់ដូរ ។

សម្ភារៈបាត់បង់កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១ , លិខិតឆ្លងដែនវៀតណាមឈ្មោះ PHAN THI THANH HOAN ចំនួន ០១, អត្តសញ្ញាណបណ្ណ័សញ្ជាតិវៀតណាមចំនួន ០១,-ខ្សែកមាសទម្ងន់៣តម្លឹងកន្លះ ចំនួន ០១ខ្សែ,-នាឡិកាដៃស្រីចំនួន ០១ ,-ប្រាក់វៀតណាម ៤លានដុង,-ប្រាក់ដុល្លារ ៤៦០០០ ដុល្លារអាមេរិក និងទូរសព្ទ័ដៃម៉ាកIPhoneX ដែលមានលេខ ០១៥ ៦០៩ ០៧៧ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីបន្ត ៕ តុង សីហា


ចែករំលែក៖