ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅខណ្ឌមានជ័យ២ខ្នង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យមួយបានឆេះផ្ទះល្វែង របស់ប្រជាពលរដ្ឋចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍ នាវេលាម៉ោង ១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងភូមិព្រែកទាល់ ក្រុម៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ហេង ឆាយ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបប លក់ខោអាវជជុស ស្នាក់នៅទីតាំងកើតហេតុខាងលើ ផ្ទះរងគ្រោះមានទំហំ ១០ /២០ម៉ែត្រ បានឆេះអស់ទាំងស្រុង ។

យោងតាមសម្ដីម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់បានចូលសម្រាកក្នុងបន្ទប់ដូចសព្វដង ស្រាប់តែយប់ថ្ងៃកើតហេតុ ក៏មានអគ្គិភ័យបានឆាបឆេះ និងរាលដាលយ៉ាងសន្ធោសន្ធៅក្នុងផ្ទះគាត់ទៅហើយ ទើបរូបគាក់រាយការណ៍ទៅសមត្ថកិច្ចជំនាញឲ្យចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើ គឺមានការចូលរួមពី កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យជាច្រើននាក់ រួមសហការជាមួយមន្ត្រីនគរបាល និងអាវុធហត្ថ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់/ខណ្ឌជាច្រើននាក់ផងដែរ ដោយប្រើពេលវេលាជាង១ម៉ោង និងប្រើទឹកអស់ចំនួន២៣ឡាន ទើបគ្រប់គ្រងស្ថានការបាន។

ចំពោះករណីអគ្គិភ័យខាងលើនេះ គឺមិនបណ្ដាលឲ្យមនុស្សរងរបួស និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ដោយទំហំនៃការខូចខាតនោះគឺ ឆេះផ្ទះចំនួន២ខ្នងទាំងស្រុង ហើយមូលហេតុគឺ ជាបឋម សមត្ថកិច្ចសន្ឋិដ្ឋានថា ទុស្សេខ្សែរភ្លើង ៕ ភារ៉ា ដង្កោ


ចែករំលែក៖