ព័ត៌មានទាន់ហេតុការណ៍៖

ទាហានមួកខៀវ ៣៥នាក់នៅម៉ាលី ស្លាប់និងរបួស ដោយការវាយប្រហារ ពីភេរវកម្ម

ចែករំលែក៖

វិបត្តិ អសន្តិសុខ នៅក្នុងប្រទេសម៉ាលី នៅតែបន្តកើនឡើង បើទោះបីមានកម្លាំងទាហានបារាំង ប្រមាណ​៤ពាន់នាក់ឈរជើងការពារនៅទីនោះ ក៏ដូចជាកងទាហានរក្សាសន្តិសភាពជាច្រើន ក៏មិនអាចទប់ស្កាត់អំពើហិង្សា ការវាយប្រហារពីកម្លាំង ក្រុមភេរវកម្ម ស្និទ្ធនឹងអាល់កៃដា​នោះឡើយ ។

ជាក់ស្តែងកាលពីថ្ងៃទី​២០ ខែមករា កងកម្លាំងរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ មកពីប្រទេស​ Chad ​ចំនួន១០នាក់ បានស្លាប់ និង ២៥នាក់​រងរបួស​ ពេលដែលព្យាយាម បណ្តេញក្រុមប្រដាប់អាវុធប៉ុនប៉ងវាយប្រហារភូមិ​​មួយនៅភាគខាងជើង ប្រទេសម៉ាលី ។

មន្ត្រីអង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វ្រិកខាងលិច​បានបញ្ជាក់ថា ក្រុមជនវាយប្រហារ សម្លាប់ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មិនទាន់ដឹងថា ជាស្នាដៃរបស់ក្រុមណានោះឡើយ ​។ ​បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាព និងទាហានបារាំង​ កំពុងតែឈរជើងនៅភាគខាងជើង ម៉ាលី​ ដើម្បីប្រឆាំងក្រុមប្រដាប់អាវុធ ​។ ការវាយប្រហារខាងលើ គឺជាការគំរាមកំហែងដល់សន្តិសុខ នៅតំបន់​ Sahel ​នៃទ្វីបអាហ្វ្រិក។

កម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសម៉ាលី បានលើកឡើងថា ការវាយប្រហារខាងលើកើតឡើងនៅតំបន់​ Aguelhok ​ប្រទេសម៉ាលី កាលពីថ្ងៃទី​២០ ខែមករា ។ ខ្មាន់កាំភ្លើងមួយក្រុម ដែលមានអាវុធទំនើបៗ ព្យាយាមវាយប្រហារ តំបន់ខាងលើ តែត្រូវកម្លាំងរក្សាសន្តិភាពរារាំង ទើបបណ្តាលឲ្យប៉ះទង្គិចគ្នា ធ្វើឲ្យ កងរក្សាសន្តិភាព​១០នាក់ស្លាប់ និង ២៥នាក់រងរបួស ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ​បានថ្កោលទោសយ៉ាងខ្លាំង​ ដល់ក្រុមខ្មាន់កាំភ្លើង ខាងលើ​ ។ ការវាយប្រហារនោះ បានបំផ្លាញដល់ការខិតខំស្វែងរកសន្តិភាព នៅក្នុងប្រទេសនេះ ។

នៅព្រឹកថ្ងៃទី២១ ខែមករានេះ ក្រុមភេរវកម្ម អិស្លាមដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាល់កៃដា នៅប្រទេសម៉ាលី បានចេញមុខទទួលស្គាល់ថា​ជាការវាយប្រហាររបស់ក្រុមខ្លួន ​។ ក្រុមដែលវាយប្រហារមានឈ្មោះថា​ Nsral Al Islam Wal Muslimeen ​។

ការវាយប្រហារសម្លាប់ទាហានមួកខៀវ កើតឡើង ក្នុងពេលដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ​បានប្រកាសថា​កងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ អាចនឹងផ្អាកដោយសារតែអស់ថវិកា ដើម្បីបន្តសកម្មភាពរក្សាសន្តិភាព របស់កម្លាំងមួកខៀវ។

ប្រទេសជាច្រើនជុំវិញពីភពលោក ​បានកាត់បន្ថយការចំណាយទៅលើអង្គការសហប្រជាជាតិ ពិសេសគឺសម្រាប់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ អាមេរិកបានប្រកាសកាត់បន្ថយការផ្តល់ប្រាក់ដល់អង្គការ សហប្រជាជាតិជាច្រើន​ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង ​ ។

នៅពេលនេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានថា សហប្រជាជាតិកំពុងប្រឈមនឹងការខ្វះខាតទឹកប្រាក់ជិត២ពាន់លានដុល្លារ ដែលជាថវិកាជំនួយដែលមិនបង់ឲ្យសម្រាប់កងទ័ពរក្សាសន្តិភាពរបស់ខ្លួន ដោយតុល្យភាពប្រាក់មាននៅពេលនេះ គឺអាចចំណាយលើប្រតិបត្តិការសម្រាប់រយៈពេលជិត២ខែប៉ុណ្ណោះ ។

លោក Antonio Guterres បានប្រាប់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិនៅក្នុងលិខិតមួយកាលពីសប្តាហ៍មុនថា អង្គការសហប្រជាជាតិបានបង្ខំចិត្តបង្កើតគណនីសន្សំមូលនិធិ និងគណនី ពិសេសដើម្បីគ្រប់គ្រងការចំណាយដែលបានមកពីប្រាក់ជំនួយកាលពីដំណាច់ឆ្នាំមុន ។

លោក បាននិយាយនៅក្នុងលិខិតមួយថា “បេសកកម្មរក្សាសន្តិភាពសកម្មនេះត្រូវបានរំពឹងថា នឹងប្រឈមនឹងការខ្វះខាតថវិកា ដោយសារការផ្តល់ប្រាក់ជំនួយយឺតយ៉ាវ” ។

លោកបន្តថា បច្ចុប្បន្នប្រាក់ដែលមិនទាន់បង់ឲ្យគឺមានចំនួនជិត២ពាន់លានដុល្លារ ហើយតុល្យភាពថវិកា ដែលមាននៅពេលនេះ គឺអាចផ្គត់ផ្គង់បានរយៈពេលជិត២ខែ បើប្រៀបធៀបទៅនឹងឆ្នាំមុននោះ គឺអាចផ្គត់ផ្គង់បានរយៈពេល៤ខែ ។

ថវិកាសម្រាប់ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩ គឺមានចំនួនសរុប៦,៧ ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិក ចិន និងជប៉ុន បង់ប្រាក់ច្រើនជាងគេ ៕


ចែករំលែក៖