ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងស្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីសាច់ញាតិ ព្យាយាមបញ្ជូនទៅសង្រ្គោះ និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងស្ថិតក្នុងសង្រ្គោះបន្ទាន់នៅឡើយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូតបុកកាណូត នៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញកាណូត១គ្រឿង បើកបរដោយឈ្មោះ នី គន្ធា ភេទស្រី អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹក ស្ថិតក្នុងភូមិ.ឃុំកើតហេតុ(ធ្ងន់) រួមដំណើរដោយឈ្មោះ នី ធារី ភេទស្រី អាយុ ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ស្លាប់) ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះដល់ចំណុចកើតហេតុបានប៉ះជាមួយកាណូត ១គ្រឿងទៀត ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យកាណូតក្មេងៗស្រីរងគ្រោះលិចទឹក និងរងរបួសធ្ងន់ ខណៈនោះគ្រួសារសាច់ញាត្តិព្យាយាមបញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពឃុំរាំងទិស ប៉ុន្តែជាអកុសល់បានស្លាប់ក្មេងរួមដំណើរ ដោយឡែក៖ ក្មេងបើកបរបញ្ជូនបន្តទៅមន្ទីរបង្អែកខេត្ត។

ប្រភពព័ត៌មានខាងលើបន្តថា ចំណែកភាគីខាងកាណូតម្ខាងទៀតមិនមានរងរបួសនោះទេ ដែលបើកបរដោយឈ្មោះ ង្វៀង យាំុងចង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅផ្ទះថែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបដែរនោះ ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា ករណីនេះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងស្រាវជ្រាវ វត្ថុតាងកាណូតទាំង ២គ្រឿងបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល រង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ប៉ឹម ពិន


ចែករំលែក៖