ជាច្រើនលើកច្រើនសារកន្លងមក អ៊ីរ៉ង់តែងតែព្រមានវាយប្រហារកម្ទេចអ៊ីស្រាអែលឲ្យទៅជាផេះ ។ ប៉ុន្តែសម្រាប់អ៊ីស្រាអែល មិនដែលខ្វល់នឹងការព្រមាននោះឡើយ ដោយបង្កើនការវាយប្រហារទៅលើទីតាំងនានារបស់អ៊ីរ៉ង់ ដដែល ហើយកាន់តែខ្លាំងជាងមុនទៀត ។
ពេលថ្មីៗនេះ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Aziz Nasizadeh បានព្រមានថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនប្រឈមមុខ ហើយនឹងលុបអ៊ីស្រាអែលចេញពីផែនដីនេះ។
ការព្រមានខាងលើរបស់មេទ័ពអាកាសអ៊ីរ៉ង់កើតឡើង ក្រោយពេល អ៊ីស្រាអែលបើកការវាយប្រហារ តាមដែនអាកាសទៅលើទីតាំងរបស់អ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរីសម្លាប់ទាហាន អ៊ីរ៉ង់៤នាក់ ។
គេហទ័ព័រក្លឹបអ្នកសារព័ត៌មានវ័យក្មេង (Young Journalist Club)បានដកស្រង់សម្តី មេទ័ព Aziz Nasizadeh បានបញ្ជាក់ថា «ជំនន់ក្រោយរបស់កម្លាំងទាហានអាកាសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជានិច្ចក្នុងការប្រឈមមុខជាមួយប្រទេសអ៊ីស្រាអែល ហើយនឹងលុបអ៊ីស្រាអែលចេញពីផែនដីនេះ»។
មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ IRIAF បានបញ្ជាក់ទៀតថា កម្លាំងទាហាន បានត្រៀមលក្ខណរួចរាល់នៅក្នុងការរារាំងសត្រូវ ហើយជំនន់ក្រោយបានរៀនសូត្រពីវិធីសាស្ត្រ នៅក្នុងការកម្ទេចអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានការពារការវាយប្រហារទៅលើ ទីតាំងយោធារបស់អ៊ីរ៉ងនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី២១ ខែមករា។ លោក ណេតាន់ យ៉ាហូ បានបញ្ជាក់ថា ការវាយប្រហារតាមដែនអាកាសគឺជាការដាក់ទណ្ឌកម្មទៅលើ អ្នកដែលចង់កម្ទេចអ៊ីស្រាអែល ។ លោកបន្តទៀតថា យើងនឹងវាយប្រហារទៅលើអ្នកណាដែលមានបំណង ចង់បំផ្លាញប្រទេសអ៊ីស្រាអែល ។
ក្នុងរយៈពេល៤៨ម៉ោង អ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីលនិងទម្លាក់គ្រាប់ទៅលើទីតាំងរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី ។ ជាមួយគ្នានោះក្រសួងការពារជាតិ រុស្ស៊ីបានប្រកាសថា ទាហានការពារដែនអាកាសស៊ីរីបានបាញ់ទម្លាក់ មីស៊ីលអ៊ីស្រាអែលដល់ទៅ៣០ដើម ក្នុងរយៈពេល៤៨ម៉ោង ។ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ទាហានអ៊ីរ៉ង់៤នាក់ និងរបួស៦នាក់ ។ អាកាសយានដ្ឋានអន្តរជាតិ Damascus ក៏រងការខួចខាតយ៉ាងខ្លាំងផងដែរ៕