ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ បន្ទាប់ពីសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ ក្រោយក្មេងទំនើង ១ក្រុមវាយនឹងដំបងដែក នៅគ្រាដែលជនរងគ្រោះ និងបក្ខពួកម្នាក់ទៀតកំពុងម៉ូតូឌុបគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ ។
ហេតុការណ៍វាយសម្លាប់មនុស្សដ៏សាហាវនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃ ទី២១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោយ(វត្តព្រៃដំរី) ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋានស្រុកបាកានឃើញថា ជនរងគ្រោះឈ្មោះ ហែល ប្រុសពៅ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានស្នាមរបួសត្រង់ចំណុចកញ្ជឹងក ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យ។
ក្នុងរបាយការណ៍ខាងលើបន្តថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយម៉ូតូ ១គ្រឿង ឈ្មោះ ឆឺយ ធានុន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជាមួយគ្នាជនរងគ្រោះដែរ(ជាអ្នកបើកបរ) (ជនរងគ្រោះអង្គុយពីក្រោយ) ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុមានជនក្មេងទំនើង ១ក្រុមមានគ្នាចំនួន ៤នាក់ មធ្យោបាយដោយម៉ូតូចំនួន ២គ្រឿង ១គ្រឿងម៉ាក អុីសែនទ័រ ពណ៏ខ្មៅ គ្មានស្លាកលេខជិះគ្នា ២នាក់ និង ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ មិនចាំសេរី និងស្លាកលេខជិះគ្នា ២នាក់ ប្រដាប់ដោយអាវុធ(ដាវ និងដំបងដែក) ជិះស្របទិសគ្នាមកពីក្រោយ ២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម បានវាយលើជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់បញ្ជូនដល់មន្ទីរពេទ្យស្លាប់ ភាគីជនបង្កជិះម៉ូតូគេចខ្លួនបាត់អស់។
របាយការណ៍ដដែលបន្តទៀតថា ករណីឃាតកម្មនេះអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះដល់កន្លែងដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ លទ្ធផល៖ ជនរងគ្រោះ(ស្លាប់)ដោយមានរបួសស្នាមវាយ អាចជាករណីគំនំ ក៍បានធ្វើកំណាត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាត្តិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ករណីកំពុងស្ថិតក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅឡើយ ៕ ប៉ឹម ពិន