ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កានៅវិមានវីរជនរបស់ប្រជាជនចិន

ចែករំលែក៖

ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២​ ​មករា នេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីរិត​ចំណងសាមគ្គី មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ការជំរុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា សា​ធាររដ្ឋប្រជាមានិតចិន ឲ្យកានតែ​រឹងមាំ​ទ្វេឡើង​ថែម​ទៀត ពិសេសការបន្តចូលរួមអនុវត្តឲ្យកាន់មានប្រសិទ្ធភាព និង​ស៊ីជំរៅទ្វេ​ឡើងទៀត នូវការអនុវត្តក្នុងភាពជាដៃគូ​យុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរ បាន​ប្រកាស់​ដាក់ចេញកាលពីពេលថ្មីៗកន្លងទៅ។

នៅក្នុង​ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្តេចតេជោនាយក​រដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កានៅវិមានវិរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជា​មានិតចិន។ ជាមួយនឹងកម្រងផ្កាដែលមានចារឹកអក្សរពណ៌​មាស មានអត្ថន័យថា «វិរៈជនរបស់ប្រជាជនចិន​ស្ថិតនៅ​ជាអមតៈ» សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំអោនកាយវា​ចារចិត្ត​ដោយសេចក្តីគោរព ជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និង​កងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្ម​សាច់​ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុនៃការការពារទឹកដី និង​ការ​វាយប្រយុទ្ធការពារបូរណភាពទឹកដី ពីសត្រូវឈ្លាន​ពាន រហូតក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ បន្ទាប់ពី​សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១០។

សាធារណរដ្ឋ​ប្រជា​មា​និតចិន និងព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការ​ទូតជាមួយគ្នា នៅថ្ងៃទី១៩ខែកក្កដា​ឆ្នាំ​១៩៥៨​។ កាល​ពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា ចិន ត្រូវបានតម្លើងទៅជាកិច្ចសហប្រតិបត្តិការ ភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែ​មេ​សា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ច​សហប្រតិបត្តិការភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ កម្ពុជា ចិន នៅទីក្រុងប៉េកាំង៕


ចែករំលែក៖