ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ប៉ោយប៉ែត៖ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត រកឃើញទីតាំងផលិតស្ករត្នោត ក្លែងក្លាយយូអង្វែងមួយកន្លែង កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅខាងកើតផ្សារសមាគមចម្ងាយប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង ឋិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ទីតាំងឈ្មោះផៃ ​សំណាង​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ សុខ​ ម៉ី​ អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ។

លោកវរសេនីយ៍ទោ រស់​ អៀម នាយរង​ប្រឆាំង​បទល្មើស​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ថា កម្លាំងបានសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ ​និង​លោក​ឧត្ត​ម​សេនី​យ៍​ត្រី​ ចាប ​សុ​ផា​រឹទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​​ឃ្លាំមើលទីតាំងមួយនេះ​អស់​រយៈ​ពេល​មួយ​​យប់មកហើយ​ លុះ​​​ព្រឹកឡើង​​ថ្ងៃ​ទី​២៣ ​មក​រា ២០១៩ ក៏​ឆ្មក់​ចូល​បង្ក្រាប​តែម្តង​ ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតវត្ថុតាង ស្ករស៩០០គីឡូក្រាម ស្ករត្នោតមិនទាន់កែច្នៃ៣០ការ៉ុង ឆ្នាំងខ្ទះបំពាក់ម៉ូទ័រវាយស្ករចំនួន១ សាច់ជូចំនួន៦០០ក្រាម និងស្ករត្នោតកែច្នៃរួចចំនួន៥០គីឡូក្រាម ។

សមត្ថកិច្ចបន្ថែមថា យោងតាមការសាកសួរម្ចាស់ទីតាំងបញ្ជាក់ថា សារធាតុផ្សំមានចំនួន៤មុខ សាច់ជូ ស្ករស ទឹកសុទ្ធ ក្នុងនោះស្ករត្នោត១០គីឡូក្រាម ស្មើស្ករស១ការ៉ុង បូកនឹងសាច់ជូ និងទឹក ហើយទីតាំងខាងលើផលិតស្ករត្នោតក្លែងក្លាយរយ:ពេល៧ឆ្នាំមកហើយ ។

សមត្ថកិច្ចបញ្ជាក់ថា ការផលិតស្ករត្នោតខាងលើ ពេលយើងយកទៅបរិភោគ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ព្រោះថាការផលិតស្ករត្នោតក្លែងក្លាយនេះ មិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញ និងទៅតាមស្តងដារ ពុំមានបច្ចេកទេសគ្រប់គ្រាន់ កាលណាយកទៅបរិភោគ ធ្វើឲ្យប៉ះពាលសុខភាព មានអការក្អួតចង្អោរ ឈឺក្រពះ ពោះវៀន ទឹកនោមផ្អែម ឡើជាតិអាស៊ិត រលាកពោះវៀន ។ ល ។ ជាពិសេសក្មេងៗតែម្តងងាយនឹងរងគ្រោះណាស់ ។

លោក​ឧត្ត​ម​សេនី​យ៍​ត្រី​ ចាប ​សុ​ផា​រឹទ្ធ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាក់ថា ទីតាំងខាងលើគីជាទីតាំងផលិតស្ករត្នោតក្លែងក្លាយ ដោយយកស្ករត្នោតជាសារធាតុដើមដាក់ជាមួយ ស្ករស បួកជាមួយសាច់ជូ និងទឹករួចដាក់រម្ងាស់ ហើយទីតាំងនេះ គីជាទីតាំងផលិតស្ករត្នោតខុសច្បាប់ ធ្វើឲ្យមានការប៉ះពាល់យ៉ាងណានោះ គឺមន្ត្រីកាំកុងត្រូលយកស្ករដែលបំឡែងរួចចូលបទពិសោធន៍សិន ។

អ្នកស្រុក​បង្ហើប​ថា ទីតាំង​លួច​ផលិ​ត​ស្ករត្នោតក្លែងក្លាយ​​នេះ​ កើត​មាន​ជិត​១០​ឆ្នាំ​មក​ហើយ​ ទើប​បែកធ្លាយ​នា​ពេល​នេះ​ ។ ទោះយ៉ាងណា ក្រោយពីមានការឆែកឆេររបស់មន្ត្រីជំនាញ ម្ចាស់ផ្ទះត្រូវកម្លាំងសមត្ថកិច្ចជំនាញហៅទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនបន្ត ។ ចំណែកផ្ទះដែលជាទីតាំងផលិតស្ករត្នោតត្រូវបានសមត្ថកិច្ចចាក់សោបិទបណ្ដោះអាសន្ន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញាខេត្ត ៕ វណ្ណា


ចែករំលែក៖