អំពើហិង្សា នៅក្នុងប្រទេសប្រេស៊ីល តែងតែកើតឡើងជាញឹកញាប់ បង្កឡើងដោយក្រុមជ្រុលនិយម ធ្វើឲ្យអសន្តិសុខ សង្គម ការលួចប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈជាច្រើន ។
នៅថ្ងៃទី២៤ ខែមករា ប៉ូលិសប្រេស៊ីលមួយក្រុមបានបាញ់ប្រហារគ្នាយ៉ាងសហាវជាមួយក្រុមចោរប្លន់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស១០នាក់ ។ មន្ត្រីសន្តិសុខប្រេស៊ីលបានប្រកាសឲ្យដឹងថា មានមនុស្ស ៦នាក់ស្លាប់ និង៤នាក់រងរបួសនៅក្នុងការបាញ់ប្រហារគ្នារវាងកម្លាំងប៉ូលិស និងក្រុមចោរប្លន់នៅក្នុងរដ្ឋ Ceara ភាគឦសាន្តប្រទេសប្រេស៊ីល ។
រដ្ឋ Ceara ជាតំបន់ដែលតែងតែមានអំពើហិង្សាកើតឡើង ដោយក្រុមជ្រុលនិយមតែងតែវាយប្រហារបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ កាលពីដើមខែកន្លងមក ទីស្នាក់ការប៉ូលិស និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានដុតបំផ្លាញ ។
កម្លាំងប៉ូលិសប្រេស៊ីលបានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើកើតឡើងនៅទីក្រុង Palmacia ។ នៅពេលនោះកម្លាំងប៉ូលិសយាមល្បាត បានប៉ះទង្គិចជាមួយក្រុមសង្ស័យ ប្លន់នៅតាមផ្លូវ ។ ប៉ូលិស និងក្រុមចោរបានប៉ះទង្គិចគ្នា សម្លាប់មនុស្ស ៦នាក់ និង ៤នាក់រងរបួស ក្នុងនោះមានប៉ូលិស២នាក់ផងដែរ ។
សកម្មភាពខាងលើកកើតឡើងក្នុងពេលដែល អំពើហិង្សាបានកើនឡើងនៅក្នុងរដ្ឋ Ceara បង្ខំឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Jair Bolsonaro ត្រូវបញ្ជូនកម្លាំងសន្តិសុខជាតិ៥០០នាក់ ទៅការពារសន្តិសុខជូនពលរដ្ឋនៅតំបន់នោះ ។
តាមតួលេខបង្ហាញឲ្យឃើញថា មកទលពេលនេះមានមនុស្ស ៤០៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅក្នុងរដ្ឋ Ceara ៕