ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិក បន្តបិទទ្វារ ធ្វើឲ្យរាំងស្ទះដល់គ្រប់ស្ថាប័ន ពិសេស FBI

ចែករំលែក៖

ក្តីបារម្ភអំពីសន្តិសុខអាមេរិក បានបង្ហាញចេញជារូបរាងហើយ ដោយក្រុមស៊ើបការសម្ងាត់ ក្នុងនោះមាន​ FBI ​ជាដើមបានប្រកាសពីកង្វះថវិកា ក្នុងការស៊ើបអង្កេត តាមដានរឿងរ៉ាវ ។

ស្ថាប័នសំខាន់ៗនៅអាមេរិក ប្រឈមនឹងកង្វះថវិកាដើម្បីបន្តសកម្មភាពរបស់ខ្លួន ក្រោយពេល រដ្ឋាភិបាលអាមេរិកបន្តបិទទ្វា​រ ។ នៅពេលនេះ ​ការិយាល័យស៊ើបអង្កេតអាមេរិក (FBI) បានព្រមានថា FBI មិនមានប្រាក់គ្រប់គ្រាន់សម្រាប់​ ដើម្បីធ្វើសកម្មភាពនោះឡើយ​។

ការព្រមានខាងលើ បានធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលអាមេរិក បានបិទទ្វារ មួយផ្នែកធំ ជាង​១ខែកន្លងមក ធ្វើឲ្យបុគ្គលិជិត​៨សែននាក់គ្មានប្រាក់ខែ ។

នៅពេលនេះគម្រោង ដើម្បីបើកទ្វាររដ្ឋាភិបាលវិញរបស់លោកត្រាំត្រូវបរាជ័យ​ដោយព្រឹទ្ធ​សភាអាមេរិកកាលពីថ្ងៃទី២៤ មករា មិនបានសម្រេចឈានដល់ការបើកដំណើរការរដ្ឋាភិបាលរយៈពេលខ្លីនោះទេ ។ ​ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោកអាច នឹងគាំទ្រគម្រោងថ្មីមួយ ប្រសិនជាមានរួមបញ្ចូលសន្តិសុខព្រំដែន ។

ការបិទទ្វារចូលដល់ថ្ងៃទី៣៤ហើយ ដែលធ្វើឲ្យបុគ្គលិក មន្ត្រីរាជការផ្នែកខ្លះនៃរដ្ឋាភិបាលរាប់ពាន់នាក់គ្មានប្រាក់ខែ ។ នៅពេលនេះ ទាំងមន្ត្រីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នា មិនដោះស្រាយផ្តល់មូលនិធិសម្រាប់បើកដំណើរការរដ្ឋាភិបាលក្នុងរយពេលខ្លីនោះទេ តាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភា ។

ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ បានទាមទារមូលនិធិ៥.៧ពាន់លានដុល្លារ ដើម្បីសាងសង់ជញ្ជាំងព្រំដែន ។ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារមិនមានការឯកភាពយល់ព្រមពីខាងគណបក្សប្រជាធិបតេយ្យ ដែលគ្រប់គ្រងរដ្ឋសភា ។

លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា បើមិនបានមូលនិធិសម្រាប់ធ្វើរបងការពារព្រំដែន តាមអ្វីដែលបានសន្យាកាលអំឡុងពេលឃោសនារកសំឡេងឆ្នោតនោះទេ ផ្នែកខ្លះនៃរដ្ឋាភិបាលរបស់លោក បន្តបិទទ្វារទៅមុខទៀត ដោយគ្មានថ្ងៃកំណត់ ៕


ចែករំលែក៖