អ៊ីស្រាអែល បានសម្រេចពង្រឹងប្រព័ន្ធមីស៊ីលការពារ នៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ការវាយប្រហារ ពីអ៊ីរ៉ង់ និងស៊ីរី ក្រោយពេល រដ្ឋាភិបាលស៊ីរីប្រកាសថា ប្រព័ន្ធមីស៊ីលទាំងអស់បានតម្រង់ទៅកាន់អ៊ីស្រាអែល។
សារព័ត៌មានស៊ីនហួបានផ្សាយថា កម្លាំងទាហាន អ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ត្រូវបានដាក់ពង្រាយនៅភាគកណ្តាលប្រទេស ខណៈភាពតានតឹងបានកើនឡើងនៅតាមព្រំដែន។
មន្រ្តីយោធាអ៊ីស្រាអែលដែលបានសុំមិនបញ្ចេញអត្តសញ្ញាណថា ប្រព័ន្ធការពាររ៉ុក្កែត Iron Dome ត្រូវបានដាក់ពង្រាយនៅតំបន់ Gush Dan ដែលជាបេះដូងនៃទីក្រុងតែលអាវីវ។ មិនតែប៉ុណ្ណោះប្រព័ន្ធ Iron Dome ក៏ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូងអ៊ីស្រាអែល ដើម្បីគាំទ្រដល់ប្រព័ន្ធប្រឆាំងគ្រាប់រ៉ុក្កែតដទៃទៀត នៅក្នុងតំបន់ផងដែរ។
គួរជម្រាបថា កាលពី២ថ្ងៃមុន ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិបានព្រមានថា រដ្ឋាភិបាលទីក្រុងដាម៉ាស់អាចនឹងធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន Ben Gurion ដែលនៅជាយក្រុងតែលអាវីវ ប្រសិនបើស្ថាប័នអន្តរជាតិនេះ នៅតែឱបដៃឈរមើល ការវាយប្រហារតាមផ្លូវអាកាសជាដដែលៗរបស់អ៊ីស្រាអែល ទៅលើប្រទេសស៊ីរី។
កន្លងមកថ្មីៗមន្ត្រីជាន់ខ្ពស់ស៊ីរី ប្រចាំនៅអង្គការសហប្រជាតិ លោក Bashar Jaafari បាននិយាយថា រដ្ឋាភិបាលនឹងធ្វើការឆ្លើយតប ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើព្រលានយន្តហោះក្រុងដាម៉ាស ជាមួយនឹងការវាយប្រហារទៅវិញ នៅព្រលានយន្តហោះក្រុង Tel Aviv។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
លោក Jaafari បាននិយាយថា «វាដល់ពេលហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវចាត់វិធានការ ដើម្បីបញ្ឈប់ការវាយប្រហារ ដោយឥតឈប់ឈរមកលើទឹកដីស៊ីរី ពីសំណាក់អ៊ីស្រាអែល»។
ក្នុងនោះលោក បានបន្ថែមថា ស៊ីរី អាចនឹងប្រើសិទ្ធិការពារខ្លួន ជាមួយការឆ្លើយតបទៅវិញ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនាពេលថ្មីៗនេះផងដែរ៕