ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តចូលបម្រុងចតមិនប្រយ័ត្នប៉ះម៉ូតូ របួស ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស៣នាក់បាន ត្រូវរងរបួសស្រាល ខណៈរថយន្តមួយគ្រឿង បើកបរបម្រុងអែបកៀន មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យប៉ះម៉ូតូមួយ គ្រឿងជិះឌុបគ្នា បណ្តាលឲ្យដួលរងរបួសស្រាលទាំង៣នាក់ នៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង៤០នាទី ត្រង់ចំណុចមុខស្ថានីយតេលា សុគន្ធារី លើមហាវិថីឈ្នះៗភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿងម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-4500 ធ្វើដំណើរលើមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ សែម ចំរើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ បានអែបស្តាំប៉ះជាមួយ ម៉ូតូគ្រឿងម៉ាក SUZUKI NEX ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GW-5655 ធ្វើដំណើរលើមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច ( ទិសដៅស្របគ្នា ) បើកបរដោយឈ្មោះ ចែម ឧត្តមចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិ ខ្មែរស្នាក់នៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ (របួសស្រាល) រួមដំណើរដោយឈ្មោះ ឌុច ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរាំងថ្មីសង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ( របួសស្រាល ) និងឈ្មោះ វ៉ុន វិន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ( របួសស្រាល ) ។

សមត្ថកិច្ចបន្តថា ក្នុងករណីនេះ បណ្តាលឲ្យរបួសស្រាល មនុស្ស៣នាក់ ខូចខាត រថយន្តស្រាល ១គ្រឿងនិងម៉ូតូធ្ងន់០គ្រឿង ។ សមត្ថបញ្ជាក់ថាមូលហេតុបណ្តាលមកពីរថយន្តអែបស្តាំខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូត្រូវបាននគរបាលអធិការដ្ឋានខណ្ឌព្រែកព្នៅយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕ ចាន់ធឿន


ចែករំលែក៖