ភ្នំពេញ៖ ភាពយន្តបែប រន្ធត់ព្រឺព្រួចលាយកំប្លែង របស់ផលិតកម្ម LD Picture ដែលរួមសម្តែងដោយតារា ចម្រៀង និងតារាសម្តែង ប្រុស ស្រីល្បីឈ្មោះនោះ ត្រៀមប្រកាស ចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយ ។ ការប្រកាសត្រៀមចាក់បញ្ចាំងនេះ គឺបន្ទាប់ពីចេញផលិត អស់ជាច្រើនខែ និងក្រោយពីការទន្ទឹងរង់ចាំ របស់អ្នកគាំទ្រកន្លងមក ។
តារាចម្រៀងប្រុសល្បីឈ្មោះ លោក គូម៉ា បានក្លាយជាតួឯកប្រុស ក្នុងរឿង អង្រឹង ដែលផលិតករបាន បញ្ជាក់ថា ជាភាពយន្តដែលសម្រិត សម្រាំងក្នុងការផលិត និងឆ្លងកាត់ការលំបាក ជាច្រើន ខណៈដែលតារាសម្តែងស្រី កញ្ញា សួង ស៊ីធឿន ចាប់បានតំណែងតួឯក ក្នុងភាពយន្តនេះ និងជាប់ឈ្មោះជាតួស្រី ដែលសម្តែងសមក្នុងភាពយន្ត បែបខ្មោច និងភ័យរន្ធត់នោះផងដែរ ។
តារាសម្តែងស្រីល្បីឈ្មោះជាច្រើនឆ្នាំ អ្នកនាងស្វែង សុជាតាក៏នឹងក្លាយ ជាតួអង្គលេចធ្លោរមួយក្នុង ភាពយន្តនេះ ក្នុងតួជាម្តាយ និងជាតួអង្គខ្មោចដ៏គួរឲ្យខ្លាច ។ អ្នកនាងបញ្ជាក់ថាមានឈុតមួយដែល ធ្វើឲ្យនាង និងក្រុមការងារលំបាកជាខ្លាំង គឺត្រង់ឈុតឆាកនាងស្លាប់ហើយត្រូវបានគេសែងយកទៅកប់ក្នុងព្រៃ ក្រោមដំណក់ទឹកភ្លៀង ។
នាងបញ្ជាក់ថា ដោយសារតែជាភាពយន្ត បែបរន្ធត់ សិល្បករ និងក្រុមការងារត្រូវចំណាយពេលថតភាគច្រើនក្នុងប្លង់ពេលយប់ដែលពេលខ្លះត្រូវចំណាយពេលថតនៅក្នុងព្រៃជ្រៅរហូតដល់ម៉ោង៤ឬ៥ទៀបភ្លឺ ។
ទោះជាយ៉ាងណា ការផលិតប្រកបដោយជោគជ័យក្រោមការសហការយ៉ាងល្អរវាងតារាសម្តែង នឹងក្រុមការងារផលិតកម្ម ។
អ្នកនាងលើកឡើងដែរថា ជាស្នាដៃថ្មី ដែលនាងរំពឹងថា នឹងទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ព្រោះតែជាភាពយន្តដែលប្រមូលផ្តុំដោយសិល្បករប្រុសស្រីល្បីឈ្មោះ និងក្រោមការផលិតរបស់ផលិតកម្មដែលធ្លាប់មានឈ្មោះបោះ សំឡេង និងទទួលបានជោគជ័យ ក្នុងការផលិតភាពយន្តមាន គុណភាពជាច្រើនបន្តបន្ទាប់ ។
គួរបញ្ជាក់ដែរថា ភាពយន្តបែបភ័យរន្ធត់ និងកំប្លែងរឿង អង្រឹង របស់ផលិតកម្ម LD Picture ត្រូវបានរៀបចំពិធីក្រុងពាលី ចេញថតចាប់តាំងពីក្នុងអំឡុងពាក់កណ្តាលខែកញ្ញាដំណាល គ្នានឹងភាពយន្តខ្នាតធំ២ផ្សេងទៀតរបស់ផលិតកម្មនេះ គឺរឿង “ជួបស៊យវគ្គ២ និងរឿង “ប្រមាញ់ប្ដី”៕ វឌ្ឍនា