ព័ត៌មានទាន់ហេតុការណ៍៖

មហាជន រំជួលចិត្តនឹងទិដ្ឋភាពដង្ហែសព ខេរៈ ស្រីពៅ មកដល់ផ្ទះបងប្រុស

ចែករំលែក៖

ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ ទុក្ខព្រួយ រហូតមានអ្នកគាំទ្រជាច្រើនបានបង្ហោះសារ និងវីដេអូបង្ហូរទឹកភ្នែក ព្រោះតែក្តីសោកស្តាយអាឡោះអាល័យ ។ ក្នុងការផ្សាយផ្ទាល់ពីគេហទំព័ររបស់តារាចម្រៀងខេរៈ សិរីមន្ត ជាបងប្រុសកាលពីរាត្រីថ្ងៃទី២៧ ខែមករា គឺមានអ្នកចូលទស្សនាជាង១លានដង ហើយមហាជនសុទ្ធតែបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្ត ជាមួយក្រុមគ្រួសារសព ។

ការបាត់បង់ជីវិតរបស់តារាចម្រៀងរូបនេះ ទាំងវ័យក្មេងបានធ្វើឲ្យរំជួលចិត្តអស់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ រូបភាព និងបទចម្រៀងរបស់តារាចម្រៀងស្រីរូបនេះបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានរបស់មហាជនចំពោះការបាត់បង់ជីវិតទាំងវ័យក្មេងរបស់តារាចម្រៀងរូបនេះ ។

ជាកូនស្រីពៅក្នុងគ្រួសារមួយ ដែលមានបងប្អូនបង្កើតចំនួន៦នាក់ ខេមរៈ ស្រីពៅ បានប្រឡូកក្នុងអាជីពសិល្បៈដំបូងក្នុងផលិតកម្មសាន់ដេ គ្រាដែលបងប្រុសនាងលោក ខេមរៈ សិរីមន្តលេចធ្លោរក្នុងវិស័យចម្រៀងចាប់តាំងពីជិត១០ឆ្នាំមុន ខណៈដែលបងប្រុសនាងគឺលោក ខេមរៈ ភិរុណ ជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងផងដែរ ។

តារាស្រីដែលមានទឹកដីកំណើតមកពីខេត្តកំពង់ចាមរូបនេះ ទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីនាងបានបង្ហើរសំនៀងក្នុងបទមួយចំនួនទាំងបទបែបយុវវ័យ និងប្រជាប្រិយជាដើម ។

តារាស្រីរូបនេះបានបាត់មុខក្នុងការងារសិល្បៈជិត៥ឆ្នាំ ក្រោយមកនាងក៏លេចចេញដំណឹងអកុសល្យ និងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ ។ ២ ខែចុងក្រោយនេះ សភាពជំងឺនាងមានអាការកាន់តែធ្ងន់ធ្ងរ ក៏បញ្ជូលទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។

ដំណឹងនៃការធ្លាក់ខ្លួនឈឺជំងឺសួត និង ក្រលៀន ធ្ងន់ធ្ងររបស់តារាស្រីរូបនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយចុងក្រោយខេមរៈ ស្រី​ពៅ បានទទួល​មរណៈភាព​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅ​ប្រទេសឥណ្ឌា ក្នុង​វ័យ ២៨ ឆ្នាំ ក្រោយពេល​ចេញទៅ​សម្រាក និង ​ព្យាបាល​ជំងឺនៅ​ទីនោះ​អស់​ពេល​ជាង ២ ខែ ។ ​មិន​ថា​មិត្តភក្តិ​ក្នុង​ ឬ ​ក្រៅ​សិល្បៈ​សុទ្ធតែ​រន្ធត់ចិត្ត​នៅពេលដែល​ដឹងថា ខេមរៈ ស្រី​ពៅ ទទួលមរណៈភាព ។

ពិធីបុណ្យសពតារាចម្រៀងស្រីរូបនេះត្រូវបានធ្វើឡើងនៅផ្ទះរបស់ សិរីមន្ដ នាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួន សុបិន្តចម្ការព្រីងចាប់តាំងពីថ្ងៃដែលតារាស្រីរូបនេះសទទួលមរណភាពម្ល៉េះ ។

ប្រជាពលរដ្ឋរាប់ពាន់នាក់បានឈររងចាំចាប់តាំងពីដើមផ្លូវចូលផ្ទះរបស់តារាចម្រៀងខេមរៈ សិរីមន្តដែលជាទីរៀបចំពិធីបុណ្យចាប់តាំងពីព្រលប់រហូតល់ម៉ោងប្រមាណ៨ និង៣០នាទីទើបសពត្រូវបានដង្ហែមកដល់ផ្ទះ ។

ពិធីដង្ហែសពរៀបចំកិច្ចពិធីបូជាតាមទំនៀមទម្លាប់ខ្មែរតារាចម្រៀងស្រីរូបនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៨ខែមករានេះខណៈដែលបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែមករានេះ ដោយប្រកាសអញ្ជើញភ្ញៀវទីជិតឆ្ងាយទាំងអស់មកចូលរួមក្នុងពិធីបុណ្យនេះផងដែរ ។ តែអ្វីដែលគួរឲ្យតក់ស្លុត និងកាន់តែសង្វែកនោះគឺថា នៅថ្ងៃទី៣១ ខែមករានេះ ក៏ត្រូវ ចំថ្ងៃកំណើតរបស់នាងផងដែរ ។

ខាងក្រោមនេះ គឺជារូបភាពអតីតកាលរបស់ ខេមរៈ ស្រីពៅ ពេលសម្តែងគ្រាដែលពេលដែលនាងមានសុខភាពល្អ និង មានរូបសម្រស់ស្រស់ស្អាត ៕ វឌ្ឍនា


ចែករំលែក៖