ព័ត៌មានទាន់ហេតុការណ៍៖

អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកូនកាំបិត បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ ដោយប្លន់យកម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ខណៈម្ចាស់ផ្ទះសំណាក់ យីហោ ចន្ធូ ត្រជាក់ចិត្ត ស្ថិតក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានប្រទះឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប បានដេកស្លាប់ដោយសុទ្ធតែឈាមពេញខ្លួន ក្នុងបន្ទប់ផ្ទះសំណាក់ជាន់ទី៣ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ។

បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិព្រៃសំបូរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងជាម្ចាស់ម៉ូតូបាត់បង់ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-9986 ព្រមទាំងចិញ្ចៀនមួយវង់ និងលុយក្នុងកាបូបមួយចំនួនទៀត ។

ប្អូនប្រុសជនរងគ្រោះបានឲ្យដឹងទៀតថា ជនរងគ្រោះគឺជាអ្នករត់ម៉ូតូឌុបនៅខេត្តតាកែវ ដោយយូរៗឡើងមកភ្នំពេញយកអីវ៉ាន់ដាក់ឲ្យម៉ូយ(ភ្ញៀវម្ដង)។ លុះនៅថ្ងៃកើតហេតុ ទាំងបងប្អូន និងប្រពន្ធកូន មិនឃើញជនរងគ្រោះចូលផ្ទះដូចសព្វដង ។ ក្រោយមកក៏មានសមត្ថកិច្ចខលមកប្រាប់ថា ជនរងគ្រោះខាងលើត្រូវបានគេចាក់សម្លាប់នៅក្នុងផ្ទះសំណាក់រួចទៅហើយ ។ ចំណែកឃាតកដែលមិនស្គាល់មុខដែលបានចាក់សម្លាប់ជនរងគ្រោះ បានជិះម៉ូតូរបស់ជនរងគ្រោះ ព្រមទាំងយកចិញ្ចៀន និងលុយមួយចំនួនក្នុងកាបូប ចេញពីផ្ទះសំណាក់គេចខ្លួនបាត់ស្រមោល ។

បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ ចន្ធូ ត្រជាក់ចិត្តខាងលើ បានប្រាប់ថា ជនរងគ្រោះ និងឃាតក (ប្រហែលជាស្គាល់គ្នា ) បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកសម្រាកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង៥ល្ងាចនៅថ្ងៃកើតហេតុ ក្រោយមក រំលងបានប្រហែល២ម៉ោង ម្ចាស់ផ្ទះសំណាក់ខាងលើនេះ បានដើរមើលឃើញបន្ទប់កើតហេតុមានការចាក់សោ ដោយមិនដឹងថា ភ្ញៀវចេញពីពេលណា ទើបសម្រេចយកសោ ចាក់ទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋការ៉ូ មានសុទ្ធតែឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខាងកោសល្យវិឆ័យបានចុះមកពិនិត្យដោយឃើញថា ជនរងគ្រោះត្រូវបានគេចាក់សម្លាប់ ពិតប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាត់យកទៅធ្វើបុណ្យតាមពៃណី ។ ចំណែកជនដៃដល់ សមត្ថកិច្ចជំនាញ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ៕ ភារ៉ា ដង្កោ


ចែករំលែក៖