ព័ត៌មានទាន់ហេតុការណ៍៖

Smart Community Cup លើកកម្ពស់វិស័យកីឡាបាល់ទាត់ដល់យុវជនកម្ពុជាជាង៦០០នាក់

ចែករំលែក៖

ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រកួតបាល់ទាត់ និងកម្មវិធីហ្វឹកហាត់ បាល់ទាត់ ដែលផ្ដោតលើការអភិវឌ្ឍ យុវជន សមភាពយេនឌ័រ ការពង្រឹងអំណាចស្រ្តី និងសុខុមាលភាពនៃការរស់នៅ ។ កម្មវិធី Smart Community Cup ត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) សមាគមន៍កាយរឹទ្ធបាល់ទាត់អាជីព(PFSA) និងអង្គការក្រៅរាជរដ្ឋាភិបាលចំនួន៥ផ្សេងទៀត។

ក្រុមដែលបានចូលរួមក្នុងការប្រកួតរយៈពេលពីរថ្ងៃនេះមានចំនួន១៦ក្រុម ដែលមានកីឡាករប្រុស-ស្រីអាយុក្រោម១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ដែលធ្វើឡើងក្នុងពហុកីឡាដ្ឋានRSN ហើយកីឡាករទាំងអស់ត្រូវបានជ្រើសរើសពីអង្គការដៃគូររបស់ក្រុមហ៊ុន Smart រួមមាន អង្គការ World Vision Cambodia អង្គការស្នាមញញឹមនៃកុមារ (PSE) អង្គការមូលនិធិកុមារកម្ពុជា មូលនិធិ Indochina Starfish Foundation និង អង្គការ Happy Football Cambodia Australia។

នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata លោក ថូមា៉ស ហ៊ុន (Thomas Hundt) មានប្រសាសន៍ថា៖ “កម្មវិធី Smart Community Cup គឺជាកម្មវិធីដែលរៀបចំឡើងដើម្បីអបអរដល់រាល់ការងារទាំងអស់ដែលយើងបានធ្វើជាមួយអង្គការដៃគូរបស់យើងនៅក្នុងវិស័យអប់រំកីឡាសហគមន៍។ យើងមានបំណងជំរុញយុវជនឲ្យចូលរួមក្ក្នុងសកម្មភាពវិជ្ជមានជាច្រើន និងផ្តល់ភាពសប្បាយរីករាយឱ្យពួកគេ មិនត្រឹមតែជួយដល់សុខភាពរាងកាយមាំមួនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនក្ដីស្រមៃរបស់ពួកគេជុំវិញកីឡាបាល់ទាត់ ក៏ដូចជាបំប៉នជំនាញលេងបាល់ទាត់របស់ពួកគេផងដែរ”។លោក បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុន Smartមានសេចក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះបានផ្តល់ឱកាសដល់កុមារដែលមានជីវភាពលំបាកមកពីអង្គការដៃគូឲ្យបានចូលរួមក្នុងកម្មវិធីហ្វឹកហាត់ និងសិក្ខាសាលាស្ដីពីកីឡាបាល់ទាត់ ដែលរៀបចំដោយសមាគមន៍កាយរឹទ្ធបាល់ទាត់អាជីព ដែលរួមមានគ្រូបង្វឹកមកពីសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់របស់ក្លឹប Manchester United។ យើងសង្ឃឹមថា កម្មវិធីអប់រំកីឡាសហគមន៍នេះ នឹងមានឥទ្ធិពលក្នុងការផ្ដល់នូវការលូតលាស់រីកចម្រើនរយៈពេលវែងសម្រាប់សហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការ”។

គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) ។ មូលនិធិនេះបានផ្តល់កម្មវិធីអប់រំវិស័យកីឡាដល់ប្រជាពលរដ្ធជាង ២លាននាក់នៅទូទាំងពិភពលោកដែលមានគោលបំណងពង្រីកប្រជាប្រិយភាពនៃកីឡាបាល់ទាត់ក្នុងចំណោមកុមារី និងកុមារានៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីបណ្ដុះបណ្ដាលកីឡាថ្នាក់មូលដ្ឋាន។

លោក Lee Hawkins ស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេស របស់មូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) បានមានប្រសាសន៍ថា៖ “មូលនិធិ ASA បានរៀបចំកម្មវិធីកីឡាសម្រាប់ការអភិវឌ្ឍន៍ នៅក្នុងប្រទេសជាច្រើនចាប់តាំងពីឆ្នាំ ២០០១។ កម្មវិធី Smart Community Cup ពិតជាបានផ្តល់នូវបទពិសោធសិក្សាល្អៗ ដល់យុវជនកម្ពុជា។ យើងសង្ឃឹមថាកម្មវិធីនេះនឹងបន្តកសាងភាពជោគជ័យរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍបំនិនជីវិត ក៏ដូចជាសមភាពយេនឌ័រឱ្យកាន់តែទូលំទូលាយថែមទៀតនៅពេលអនាគត”។

ក្រៅពីការប្រកួតបាល់ទាត់រវាងក្រុមមកពីអង្គការក្រៅរដ្ឋាភិបាល ក៏មានសិស្សវិទ្យាល័យប្រហែលជាង២០០ នាក់និងកីឡាករបាល់ទាត់ជាង ២០០ នាក់ក៏បានចូលរួមក្នុងកម្មវិធីកាយរិទ្ធនិងការហ្វឹកហាត់បាល់ទាត់នៅរសៀលថ្ងៃដដែលនោះផងដែរ។

លោក Dean Whitehouse គ្រូបង្វឹករបស់ PFSA និងជាគ្រូបង្វឹកក្នុងសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់ក្លឹប Manchester United បានមានប្រសាសន៍ថា៖ “ការលេងបាល់ទាត់គឺជាឧបករណ៍គរុកោសល្យដ៏មានឥទ្ធិពលក្នុងការបង្កើតការយល់ដឹង ខណៈដែលផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងនៅក្នុងវិស័យជាច្រើនដូចជា ការអប់រំ សុខភាព និងការអភិវឌ្ឍន៍ខ្លួន។ ខ្ញុំពិតជារីករាយជាមួយនឹងពេលវេលាដែលបានចំណាយក្នុងប្រទេសកម្ពុជា ដោយធ្វើការជាមួយយុវជនដែលមានការចាប់អារម្មណ៍ខ្ពស់ និងគ្រូបង្វឹកដែលមានសក្ដានុពលជាច្រើននាចុងសប្តាហ៍នេះ”។

គួរបញ្ជាក់ដែរថាកីឡាសហគមន៍គឺជាផ្នែកមួយនៃសសរស្តម្ភក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនSmart ដែលផ្តោតលើកម្មវិធីកីឡាសម្រាប់ការអភិវឌ្ឍន៍ ការបណ្ដុះអ្នកមានទេពកោសល្យផ្នែកកីឡាករសម្រាប់អនាគត និងការលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា៕ វឌ្ឍនា


ចែករំលែក៖