ព័ត៌មានទាន់ហេតុការណ៍៖

កក្រើកថ្ងៃប្រកាសចាក់បញ្ចាំងរឿង ម៉ាដាមអាប

ចែករំលែក៖

ភ្នំពេញ៖ ក្រោយការចេញផលិតអស់ជិតមួយឆ្នាំភាពយន្តខ្នាតធំរបស់ផលិតកម្ម Classic រឿង ម៉ាដាមអាប បានប្រកាសបើកសម្ពោធចាក់បញ្ចាំង ហើយកាលពីរាត្រីថ្ងៃទី២៨ ខែមករានេះ ក្រោមវត្តមានសិល្បកររាប់រយនាក់ចូលរួម ។ អ្វីដែលសំខាន់គេសង្កេតឃើញពីការរៀបចំពិធី និងតុបតែងខ្លួនរបស់តារាសម្តែងក្នុងភាពយន្តកាន់តែប្លែកទទួលបានការចាប់អារម្មណ៍ច្រើន ។

តារាសម្តែងក្នុងភាពយន្តរឿងខាងលើបានតុបតែងខ្លួនចម្រុះទាំងស្រស់ស្អាត ប្លែក និងគួរឲ្យខ្លាច ។ តារាសម្តែងទាំងនោះមានដូចជា អ្នកនាងកាតុ កញ្ញា ញឹម ចាន់ថន កញ្ញា Cici ឌីជេម៉ៃ កញ្ញា រំដួលលិចទឹកជាដើម ។

លោក ហួរ សុផល ផលិតករផលិតភាពយន្តខាងលើបញ្ជាក់ថា រឿង ម៉ាដាមអាប ជារសជាតិថ្មីដែលមានច្រើនរសជាតិច្របាច់បញ្ចូលគ្នា ទាំងកម្សត់ ភ័យខ្លាច និងកំប្លែង ហើយនេះគឺជាភាពយន្តទី៩របស់លោកហើយដែលបានផលិតឡើង ។ លោកថាភាពយន្តនេះត្រូវបានផ្តិតយកទេសភាពស្រស់ត្រកាល និងប្លែកៗនៅ៤តំបន់ផ្សេងគ្នា ទាំងតំបន់មានព្រែក តំបន់ព្រៃភ្នំ ផ្ទះបុរាណ និងទឹកជ្រោះផងដែរ ។

លោកលើកឡើងថា ទោះមិនហ៊ានធៀបនឹងភាពយន្តបរទេស ប៉ុន្តែជាភាពយន្ត ដែលលោកសម្រិតសម្រាំង និងខិតខំប្រឹងប្រែងដើម្បីប្រជាជនខ្មែរចូលទស្សនា និងរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនច្រើនជាងរឿងមុនៗ ។ លោកថាក្រោយពីបញ្ចប់ការផលិតស្នាដៃនេះ លោកក៏គ្រោងនឹងចាប់ផ្តើមការផលិតភាពយន្តថ្មីមួយបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ។

លោកស្រីលឹម ម៉ារីណា ដែលជាអ្នកគាំទ្រ និងជំរុញលើកការផលិតភាពយន្តរឿងនេះផងដែរនោះបានប្រដូចការផលិតរឿងថ្មីរបស់ផលិតករទៅនឹងចុងភៅដែលព្យាយាមផ្សំគ្រឿង ច្នៃប្រឌិត ធ្វើយ៉ាងណាឲ្យអ្នកភ្លក់ ឬទស្សនិកជនមានការពេញចិត្ត ។ លោកថាបទពិសោធន៍ផលិតកន្លងមកនឹងជំរុញឲ្យផលិតករកាន់តែមានទេពកោសល្យ និងអាចច្នៃប្រឌិត បង្កើតទស្សនីយភាពកាន់តែថ្មី ប្លែកគួរជាទីចាប់អារម្មណ៍របស់ទស្សនិកជន ។ ដោយការស្រឡាញ់វិស័យសិល្បៈអ្នកស្រីក៏សន្យានៅបន្តជួយ និងលើកទឹកចិត្តដល់ផលិតករ និងសិល្បករ និងដើម្បីភាពរីកចម្រើននៃវិស័យភាពយន្តខ្មែរនៅថ្ងៃអនាគត ដែលអ្នកស្រីគ្រោងនឹងផលិតស្នាដៃថ្មីមានទ្រង់ទ្រាយធំមួយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ។

គួរបញ្ជាក់ដែរថាភាពយន្តខ្នាតធំបែបកំប្លែង និងភ័យរន្ធត់រឿង ម៉ាដាមអាប ប្រមូលផ្តុំដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងជូនទស្សនិជននៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៩នេះតទៅ ៕ វឌ្ឍនា


ចែករំលែក៖