ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយផ្ដើមចេញពីករណីឆក់ទូរស័ព្ទ ដែលបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់ តែក្រោយពីកើតហេតុជនសង្ស័យចំនួនពីរនាក់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តនន្ទមុនី តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម៉ូតូដែលត្រូវជនរងគ្រោះចោទថា ជាម៉ូតូរបស់ចោរឆក់នោះម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GB-1295 ជិះគ្នាពីរនាក់ គេចខ្លួនបាត់ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម សង់ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-7821 ជិះគ្នា៣នាក់ របួសធ្ងន់ពីរនាក់ និង ស្រាលម្នាក់ ។
បើតាមសម្ដីបុរសម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៣ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ជិះម៉ូតូមួយគ្រឿងឌុបគ្នាដោយរូបគាត់ជាអ្នកអង្គុយនៅខាងក្រោយគេ និងកំពុងតែនិយាយទូរស័ព្ទផងដែរ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីលិចទៅកើត ខណះពេលដែលជិះជិតដល់វត្តនន្ទមុនី ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឆក់ទូរស័ព្ទរបស់តែមិនបានសម្រេច ភ្លាមៗនោះរូបគាត់ក៏ស្រែក និងបន្ថែមល្បឿនជិះដេញជនសង្ស័យ និងធាក់បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងជ្រុលបុកគូទរថយន្ដកុងតឺន័រដែលកំពុងឈប់ស្ងាមបណ្ដាលឲ្យរងរបួសទាំងអស់គ្នាតែម្ដង ។ ប្រភពបន្តទៀតថា ខណៈរូបគាត់កំពុងជាប់ក្រោមរថយន្ដធ្វើឲ្យក្រុមជនសង្ស័យមានឱកាសឡើងម៉ូតូរបស់បក្ខពួកផ្សេងទៀតគេចខ្លួនបាត់ ។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដបន្ទាន់ដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីរគ្រឿង និងរថយន្ដសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ