ប៉ោយប៉ែត៖ ថ្ងៃសែនចិនដកជើងធូប ដុតសែនមិនប្រយត្ន័ កើតជាអគ្គិភ័យឆាបឆេះផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥៧នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ឋិតក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការបញ្ជាក់ពីលោកមេភូមិបាលិលេយ្យ១ លោកគី រុនថាការឆាប់ឆេះផ្ដើមចេញពីម្ចាស់ផ្ទះឈ្មោះ តៀក យេន ភេទប្រុស អាយុជាង៧០ឆ្នាំ ប្រពន្ធឈ្មោះ គឹម ហាង អាយុជាង៥០ឆ្នាំ រស់នៅក្នុភូមិកើតហេតុ ដែលគាត់ជួលផ្ទះគេ ប្រកបរបរលក់ខោអាវជជុះ ដូចជាពួក/ខ្នើយជាដើម ។
លោកថា ដោយម្ចាស់ផ្ទះខាងលើគាត់បានដកជើងធូបសែនចិន រូចយកជើងធូបទៅដុតចោលមិនប្រយ័ត្ន ព្រោះក្នុងផ្ទះរបស់គាត់ លក់ពួក/ខោអាវជជុះ រាយប៉ាយមិនមានការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ទើបបង្កជាអគ្គិភ័យឆាបឆេះតែម្ដង ។ អគ្គិភ័យដែលឆាប់ឆេះនោះមានផ្ទះចំនួន៥ល្វែង ខូចខាតធ្ងន់ធ្ងរ ចំនួន២ល្វែង តែទំហំទ្រព្យសម្បត្តិ ដែលបាត់បង់ក្នុងហេតុការណ៍នោះមិនទាន់កំណត់ទំហំខូចខាតបានឡើយ ។
នៅក្នុងស្ថានការណ៍នោះ គេឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកម្លាំងប្រដាប់អាវុធក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានការយកចិត្តទុកដាក់ អន្តរាគមន៍ ជួយពន្លត់អស់ពីកម្លាំងចិត្ត កម្លាំងកាយ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាង១៥គ្រឿង គ្រប់គ្រង ស្ថានការបាននៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃដដែល នៅក្នុងហេតុការណ៍អគ្គិភ័យនោះ ធ្វើឲ្យមនុស្ស៤នាក់រងរបួស ស្រាល ដែលពួកគាត់ចូលរួមទៅជួយពន្លត់អគ្គិភ័យ ខាងលើ ។
សួមបញ្ជាក់ថា នៅកន្លែងកើតហេតុគឺជាទីតាំងមួយ ដែលអាជីវករក៏ដូចជាអ្នកលក់ដូរតាមម៉ូតូដាក់ចតលើផ្លូវ មានការចង្អៀតជាខ្លាំង ហើយនៅក្នុងហេតុការណ៍នោះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចបានបិទផ្លូវ និងចាត់វិធាន់ការទាន់ពេល ដូច្នេះមិនដឹងថា ទំហំនៃការឆាប់ឆេះធំប៉ុណ្ណានោះឡើយ ។
បញ្ហាខាងលើនេះដែរ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបញ្ជាក់ក្នុងហេតុការណ៍នោះថា នៅថ្ងៃទី៣០ ខែមករា ២០១៩ លោកនឹងសហការជាមួយកម្លាំងជំនាញសមត្ថកិច្ចក្រុង និងចាត់វិធានការដែលអាជីវករលក់ដូរលើចិញ្ចើមផ្លូវ នៅចំណុចកើតហេតុខាងលើនេះ ដើម្បីការពារនូវប្រការដែលនឹងអាចកើតឡើងដូចអគ្គិភ័យនេះ ៕ វណ្ណា