ព័ត៌មានទាន់ហេតុការណ៍៖

អស់លទ្ធភាពព្យាបាល នាយក្តិប សុំពេទ្យថៃវិលមកផ្ទះវិញ

ចែករំលែក៖

ភ្នំពេញ៖ ខ្លោចចិត្តអាណិតតារាកំប្លែង នាយក្តិប ត្រូវបានក្រុមគ្រួសារសម្រេចដឹកមកផ្ទះវិញ ហើយក្រោយពីអស់លទ្ធភាពពោល គឺអស់លុយក្នុងការព្យាបាល ។ វិលវិញក្រោយការព្យាបាលជំងឺនៅប្រទេសថៃត្រឹមតែប៉ុន្មានថ្ងៃ ក្រុមគ្រួសារត្រូវចំណាយអស់ជាង៦ពាន់ដុល្លារអាមេរិក ។

នាយក្តិប មានជំងឺច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមថែមទៀត ។ បើតាមការបញ្ជាក់ពីសាច់ញាតិរបស់តារាកំប្លែងនាយក្តិបបានបញ្ចាក់ថា ភរិយាតារាកំប្លែងរូបនេះ សម្រេចបន្តបញ្ជូនប្តីឲ្យទៅបន្តព្យបាលនៅខេត្តមួយ នៃប្រទេសថៃក្រោយពីឃើញសភាពជំងឺរបស់ប្ដីខ្លួន កាន់តែដុនដាបទៅៗ ។ ដំណឹងដែលគួរឲ្យអាណិតគឺពេលនេះ ក្រុមគ្រួសារដឹកនាយក្តិបមកទឹកដីមាតុភូមិវិញ ក្រោយពីការព្យាបាលបានមួយរយៈត្រឹមតែជំងឺសួតធូរស្បើយបន្តិច ខណៈដែលជំងឺបេះដូង និងខួរក្បាលមិនទាន់ធ្វើការវះកាត់ ។

យោងតាមកូនស្រីរបស់លោក ឈ្មោះស្រីណា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ឲ្យដឹងថា ឪពុកនាងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញហើយ ។ នាងលើកឡើងថា សូមឲ្យការវិលត្រឡប់របស់ ឪប្រកបដោយសុវត្ថិភាពផងចុះ ឪក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមឲ្យ ឪឆាប់ជាពីជំងឺណា ឪ ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែ ឪ ហើយឪ ត្រូវតែតស៊ូណាដើម្បីកូនៗនិងម៉ែ ។ ឪមិនត្រូវទៅណាទេលឺទេ ។ ពាក្យប៉ុន្មានឃ្លានេះបានធ្វើឲ្យអ្នកស្គាល់ និងបានឃើញខ្លោចចិត្តអាណិតក្រុមគ្រួសារតារាកំប្លែងរូបនេះដែលប្រឹងប្រែងអស់លទ្ធភាពគ្រប់ច្រកល្ហកដើម្បីព្យាបាលជំងឺនាយក្តិប ។

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា នាយក្តិបត្រូវវិលមកផ្ទះវិញ ក្រោយការព្យាបាលមួយរយៈពេលខ្លីនៅខេត្ត អ៊ូប៊ុន ប្រទេសថៃ ។ អ្នកនាងថា គាត់អាចត្រូវការប្រាក់ប្រមាណ១៥០០០ដុល្លារអាមេរិក ដើម្បីធ្វើការវះកាត់បេះដូង និងត្បៀតសរសៃឈាមក្នុងខួរក្បាល ។ នាងថាគ្រួសារកំពុងទ័លព្រោះទ្រព្យសំខាន់មានតែផ្ទះកំពុងជ្រកតែប៉ុណ្ណោះ ។

គួរបញ្ជាក់ដែរថា នាយក្តិបក៏ធ្លាប់ទទួលបានជំនួយមួយចំនួន ពីសប្បុរសជនផងដែរ ពិសេសសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគ្រាកន្លងមក ប៉ុន្តែក្រោយស្ថានភាពកាន់តែយ៉ាប់យ៉ឺន និងចំណាយលើការព្យាបាលជាច្រើន ។ ស្ថានភាពនេះក៏មិនខុសពីតារាកំប្លែងលោកធូ ចំរ៉ុងហៅនាយ សានម៉ៅ ដែលមានជំងឺបេះដូង និងហើមសួតដែលបានព្យាយាមរកប្រាក់អស់ពីខ្លួនដើម្បីព្យាបាលជំងឺដ៏រ៉ាំរ៉ៃនេះ ៕ វឌ្ឍនា


ចែករំលែក៖