ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបញ្ចប់សង្គ្រាមអ៊ីរ៉ាក់បានក្លាយជាគោលដៅបង្កើនទំនាក់ទំនងរបស់ប្រទេសលោកខាងលិច

ចែករំលែក៖

បណ្តាប្រទេសលោកខាងលិច បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើប្រទេសអ៊ីរ៉ាក់​ដោយខិតខំបង្កើនទំនាក់ទំនងសេដ្ឋកិច្ច កិច្ចការបរទេសជាមួយប្រទេសនេះ ក្រោយបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្ម ​។

នៅពេលនេះដែរ ព្រះមហាក្សត្រអេស្ប៉ាញ Felipe VI កាលពីថ្ងៃទី៣០ ខែមករា បានបំពេញព្រះរាជ្យទស្សនកិច្ច ទៅកាន់ទីតាំងកងទ័ពពិសេស ដើម្បីជួយជំរុញដល់អ៊ីរ៉ាក់ ក្នុងសកម្មភាពប្រយុទ្ធជាមួយក្រុមឧទ្ទាម ។ តាមអ្នកការទូតមួយរូបថា នេះជាព្រះរាជដំណើរលើកដំបូងរបស់រាជ្យវង្សអេស្ប៉ាញ ទៅកាន់ប្រទេស ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាម ក្នុងអំឡុងពេល៤ទសវត្សរ៍។

ព្រះមហាក្សត្រ ដែលប្រទេសរបស់ព្រះអង្គ គឺសមាជិកសម្ព័ន្ធអន្តរជាតិប្រយុទ្ធក្រុមរដ្ឋអិស្លាមដែរនោះ ក្រោយមកបានជួបជាមួយប្រធានាធិបតី Barham Saleh។ កាលពីឆ្នាំ២០១៧ អ៊ីរ៉ាក់បានប្រកាសជ័យជំនះលើក្រុម IS ក្រោយយុទ្ធនាការរយៈពេលច្រើនខែ ដែលមានការគាំទ្រពីកម្លាំងសម្ពន្ធមិត្ត បានបន្តប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាម ។

អេស្ប៉ាញដែលចូលរួមការលុកលុយនៅអ៊ីរ៉ាក់ដឹកនាំដោយអាមេរិកឆ្នាំ២០០៣ ផ្តួលរំលំរបបផ្តាច់ការ សាដាម ហ៊ូសេននោះ បានបន្តគាំទ្រដល់កងទ័ពអ៊ីរ៉ាក់ ក្នុងសមរភូមិបណ្តេញក្រុមរដ្ឋអិស្លាម IS ដែលក្រុមនេះបានដណ្តើមគ្រប់គ្រងទឹកដី១ភាគ៣របស់អ៊ីរ៉ាក់ទាំងមូល មានដូចជាទីក្រុង Mosul ជាដើម កាលពីឆ្នាំ២០១៤ ។កម្លាំងជំនាញហ្វឹកហ្វឺនយោធាអេស្ប៉ាញរាប់រយនាក់ នៅតែស្ថិតក្នុងប្រទេសនេះនៅឡើយ ។

ព្រះមហាក្សត្រ Felipe គឺជាមេដឹកនាំប្រទេសមួយរូប ដែលបានព្រះរាជ្យដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៩នេះ ។ ថ្មីៗនេះ ប្រធានាធិបតីដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចនៅទីនេះដែរ បង្កឲ្យមានការរិះគន់ ដោយសារតែមិនជួបជាមួយមន្ត្រីអ៊ីរ៉ាក់ណាម្នាក់ ។ ទីក្រុងបាដាដ ក៏ជាម្ចាស់ផ្ទះកិច្ចប្រជុំការទូតជាន់ខ្ពស់រវាងទីក្រុងវ៉ាស៊ីនតោន នឹងអ៊ីរ៉ង់ ដែលជាសត្រូវនឹងគ្នា ប៉ុន្តែជាមិត្តរបស់អ៊ីរ៉ាក់ដូចគ្នានោះផងដែរ ។

ជំហរមិនទៀងទាត់របស់អ៊ីរ៉ាក់មានភាពស្មុគស្មាញ ដោយការសម្រេចចិត្តដ៏តក់ក្រហល់ របស់លោក Trump កាលពីខែមុន ដកកងទ័ពពីប្រទេសជិតខាងស៊ីរីមួយនេះ ។ នោះបានជំរុញឱ្យក្រុមជ្រុលនិយមគាំទ្រអ៊ីរ៉ង់បង្កើនការអំពាវនាវឱ្យដកកងទ័ពអាមេរិកចេញពីអ៊ីរ៉ាក់ឲ្យបានឆាប់ៗ ៕


ចែករំលែក៖