ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​គេអង្គុយនិយាយដើមខ្លួនស្ទុះទាញពូថៅដេញកាប់​​និងវាយម៉ូតូ​ខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ទំនងជាមានការសង្ស័យ​លើអ្នកដទៃនិយាយដើមខ្លួន ក៏ស្ទុះទៅទាញ​ពូថៅដេញកាប់​ធ្វើឲ្យក្រុម​ជនរងគ្រោះ​នាំគ្នា​រត់បាតជើងសព្រាត ដោយខឹងកាប់មនុស្សមិនបាន ជនសង្ស័យ​បានវាយបំផ្លិចបំផ្លាញម៉ូតូ​ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះខូចខាត ។

ករណីនេះ​កើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ ជឿន ចាន់ណា អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមការ​រៀបរាប់ និងបញ្ជាក់ក្នុងពាក្យបណ្តឹង ជនរងគ្រោះឈ្មោះ ឡុង វណ្ណី ភេទប្រុស អាយុ៣៨ឆ្នាំ, ឈ្មោះ ពៅ ណុប ភេទប្រុស អាយុ៣៨ឆ្នាំ និងឈ្មោះ ជីន ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ បានរៀបរាប់ថា មុនពេលកើតហេតុ ពួកខ្លួនទាំង៣ កំពុងអង្គុយជជែក​គ្នា​ពីរឿង​ការងារស្រែចម្ការ ។ ពេលដែលកំពុងជជែកនោះ មិនដឹងថា មានរឿងហេតុអ្វី ស្រាប់តែជនសង្ស័យ បានកាន់ពូថៅ​មកដេញកាប់ពួកខ្លួនទាំង៣បណ្តាលឲ្យរងរបួស មិនតែប៉ុណ្ណោះ ជនសង្ស័យ​នៅបានវាយបំផ្លិចបំផ្លាញម៉ូតូ បណ្តាលឲ្យខូចខាតម៉ូតូ២គ្រឿងថែមទៀតផង ។ បន្ទាប់ពីកើតហេតុ ក្រុមខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ត្រែងត្រយឹង ដើម្បីអន្តរាគមន៍​ និងឃាត់ខ្លួនជនបង្កយកមកចាត់ការតាមផ្លូវច្បាប់ ។

ប្រភពពីមន្ត្រីនគរបាល​បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ច​បានចុះទៅឃាត់ខ្លួនជនសង្ស័យ​យកមកសាកសួរអំពីមូលហេតុនៃការដេញកាប់​ជនរងគ្រោះ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​បានឆ្លើយសារភាពថា មូលហេតុដែល​ខ្លួនដេញកាប់ជនរងគ្រោះទាំងបី មកពីខ្លួនធុញទ្រាន់នឹងអ្នកទាំងបី ជាយូរមកហើយ(មានគំនុំ) នៅពេលដែលឃើញពួកគេអង្គុយជជែកគ្នា ខ្លួនគិតថា ពួកគេនិយាយដើមខ្លួន ទើប​ទាញពូថៅ​ដេញកាប់ដើម្បីរំសាយកំហឹង។

ក្រោយក្តាប់ចម្លើយជនសង្ស័យរួច​មក សមត្ថកិច្ចនគរបាល​បានកសាងឯកសារ​បញ្ជូន​ជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ស្ពឺដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖