ខេត្តកំពង់ឆ្នាំង ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង លោក កែវ ពៅ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងយ័ត្នខ្ពស់បំផុត ដោយគោរពច្បាប់ចរាចរណ៍ជាកំណត់ នៅពេលធ្វើដំណើរ ក្នុងឱកាសបុណ្យឆ្នាំចិន វៀតណាម នាពេលខាងមុខនេះ ។ ការអំពាវនាវទៅកាន់ប្រជាពលរដ្ឋនេះ ក្នុងពេលដែលកំណើននៃការធ្វើចរាចរាចរណ៍ ចាប់ផ្តើមកើនឡើង ក្នុងឱកាសនៃពិធីបុណ្យនានា នៅទូទាំងប្រទេស ។
កាលើកឡើងរបស់ ប្រធានមន្ទីរគឺធ្វើឡើង ក្នុងពេលដែលជួបជាមួយប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និង ការរឹតបណ្តឹងក្នុងការពាក់មួកសុវត្ថិភាព នៅភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកកែវ ពៅ បានឲ្យដឹងថា រាល់ពេលមានបុណ្យធំៗនានា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងស្ទើគ្រប់ទីកន្លែង ដែលបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងកត្តាសេដ្ឋកិច្ចជីវភាពរស់នៅ ហើយបង្ករឲ្យមនុស្ស របួសនិងស្លាប់ជាបន្តបន្ទាប់ ធ្វើឲ្យរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានការព្រួយបារម្ភខ្លាំងពីកត្តាទាំងនេះ ។
ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរ ។ ចំពោះម៉ូតូពេលធ្វើដំណើត្រូវពាក់មួក សុវត្តិភាពមានកញ្ចក់មើលក្រោយ ដោយឡែកអ្នកបើកបររថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប្រចាំ ការបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា យុទ្ធនាការលើកនេះជាលើកទី១៤ហើយ សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិភាព នាថ្ងៃនេះបានបំពាក់មួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលបានឆ្លើយត្រូវទៅនឹងសំណួរចំនួន៧០មួក កន្លងមកបានបំពាក់១៣៨៣មួក ។ ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនបានចែកជូននូវសៀវភៅច្បាប់ចររាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង បិទចំណាំងផ្លាតដល់យានយន្តនិងទោចក្រយាន្តជាច្រើនផងដែរ ។ យុទ្ធនាការបែបនេះត្រូវបានធ្វើជាបន្តបន្ទាប់នៅគ្រប់ទិសទី នៅតាម បណ្តាស្រុក ក្រុង ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងឲ្យអត្រានៃគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ៕ ចន្ថា