ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៣១ ខែមករា បានប្រកាសថា លោកនឹង បញ្ជាក់ពីពេលវេលាជាក់លាក់និងទីកន្លែងសម្រាប់ជំនួបពិភាក្សាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោកត្រាំបានបញ្ជាក់ថា«ខ្ញុំគិតថាភាគច្រើន អ្នកទាំងអស់គ្នា បានដឹងពីទីតាំងសម្រាប់ជំនួបលើកទីពីរថានៅទីណាហើយ។ ខ្ញុំគិតថា នោះមិនមែនជាអាថ៌កំបាំងឡើយ ហើយយើងនឹងធ្វើការប្រកាសនៅដើមសប្តាហ៍ក្រោយនេះ »។
ជំនួបលើកទីពីរនេះអាចនឹងធ្វើឡើងនៅក្នុងប្រទេសតំបន់អាស៊ី ក្នុងនោះមានតំបន់អាស៊ានដែលជំនួបលើកទីមួយបានធ្វើឡើងដោយជោគជ័យនៅប្រទេសសិង្ហបុរី ។
ជាប្រវត្តិសាស្ត្រ លោកដូណាល់ ត្រាំ បានជួបជំនួបកំពូលជាមួយលោក គីម នៅសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ ជំរុញឲ្យបុរសខ្លាំងកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ។ ធ្លាប់មានការរិះគន់ពីក្នុងប្រទេសថា ប្រធានាធិបតីអាមេរិកមិនបានខ្នះខ្នែងនោះទេ នៅក្នុងការឈានដល់រំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្រោយជំនួបកំពូលលើកទី១មកនោះ ។
នាយកស៊ើបការណ៍សម្ងាត់អាមេរិក Dan Coasts កាលពីថ្ងៃអង្គារ និយាយថា កូរ៉េខាងជើងនៅតែរក្សាអាវុធនុយក្លេអ៊ែរ ក្នុងនោះគេចាត់ទុកថា ជាការសង្គ្រោះអាយុជីវិតនៃរបបដឹកនាំមួយនេះ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍លោកដូណាល់ ត្រាំ បានឆ្លើយតបវិញថា ខ្ញុំមិនយល់ស្របចំពោះអ្វីដែលគេបានលើកឡើងនោះទេ ខ្ញុំគិតថា ខ្ញុំគ្មានកំហុសទេ មានតែពេលវេលាប៉ុណ្ណោះបញ្ជាក់ប្រាប់ការពិតបាន ៕ម៉េវ សាធី