ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុករថយន្តបែនដឹកក្រួសរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តបែនដឹកក្រួស យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងែទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ គង់ សារ៉ុម អាយុ ៥១ ឆ្នាំមុខរបរកសិករ រស់នៅភូមិ ព្រះអង្គកែវ ឃុំ ជ្រុងពពេល ស្រុក រំដួល ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាក ហុងដាគុបមូល C50 ពណ៌ស្លែ ពាក់ស្លាកលេខ ស៊េរីចាស់ ភ 5243 ភ្នំពេញ 1 ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកបរថយន្តត្រូវបានស្គាល់ឈ្មោះហ៊ឹម វ៉ៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបាឡាំង ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា គុបនៅលើផ្លូវលេខ១៣ ក្នុងទិសដៅពីលិចមកកើត មិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងរថយន្តមួយគ្រឿង ម៉ាកបែនដឹកក្រួស ពាក់ស្លាកលេខ ស្លាកលេខ ខេមរភូមិន្ទ 01.3.2110 (អគ្គបញ្ជការភស្តុភាបច្ចេកទេស) ដែលធ្វើដំណើរត្បូងទៅជើងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកជនរងគ្រោះត្រូវបានក្រុមក្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីព្យាបាលមុខរបួស ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងអូសយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករំដួលចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖