ក្តីបារម្ភពីវិបត្តិនយោបាយ ដែលអូសបន្លាយនៅក្នុងប្រទេសលីបង់ ត្រូវបានបញ្ចប់ហើយ ក្រោយការជាប់គាំងអស់រយៈពេលជាង៨ខែកន្លងមក ពេលនេះ រដ្ឋាភិបាលថ្មី បានលេចចេញជារូបរាងហើយ ។
ភាពជាប់គាំងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការដួលរលំសេដ្ឋកិច្ចប្រទេសជាតិ ។នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីមាន ៣០រូប ដោយរដ្ឋមន្ត្រីខ្លះ បន្តកាន់តំណែងចាស់ដដែល ក្នុងនោះមានរដ្ឋមន្ត្រី ស្ត្រី៤រូបផងដែរ ។
លោក Fouad Fleifel អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋមន្ត្រីបានថ្លែងថា ទីបំផុត លីបង់បានសម្រេចជោគជ័យបង្កើតដ្ឋាភិបាលរួបរួមមួយដែលមាជិកចំនួន៣០រូប ក្រោមការដឹកនាំរបស់ នាយករដ្ឋមន្ត្រី Saad Hariri រួមជាមួយតំណាងគណបក្សនយោបាយទាំងអស់តាមការកិច្ចសន្យា ។
គណបក្សចលនាអនាគតរបស់លោក Hariri ទទួលបាន៦កៅអី មានរដ្ឋមន្ត្រីចំនួន៦រូប, គណបក្សចលនាស្នេហាជាតិសេរី មាន១០រដ្ឋមន្ត្រី, គណបក្ស កម្លាំងប្រជាជនលីបង់ មាន៤រដ្ឋមន្ត្រី, គណបក្ស Hezbollah មាន៣រដ្ឋមន្ត្រី, គណបក្ស ចលនា Amal មាន៣រដ្ឋមន្ត្រី, គណបក្សសង្គមនិយមជឿនលឿន២រដ្ឋមន្ត្រី, គណបក្ស Marada មាន១រដ្ឋមន្ត្រី និងគណបក្ស ប្រមូលផ្តុំពិគ្រោះយោបល់មាន១រដ្ឋមន្ត្រី ។
លោក Hariri បានថ្លែងនៅក្រោយពីការប្រកាសគណៈរដ្ឋមន្ត្រីថ្មីថា «ទីបំផុតយើងបានជោគជ័យបង្កើតរដ្ឋាភិបាលរួបរួមមួយ ។ ការងាររបស់យើង ដំបូងគេបង្អស់ គឺសុំអភ័យទោសពីប្រជាពលរដ្ឋលីបង់ទាំងអស់ចំពោះការពន្យារពេលបង្កើតរដ្ឋាភិបាលនេះ»៕ ម៉ែវ សាធី