ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើឲ្យប្រទេសជាច្រើនគេចពីទណ្ឌកម្មដោយឈប់ ប្រើប្រាស់ប្រាក់ដុល្លារ

ចែករំលែក៖

កន្លងមក នៅលើទីផ្សារដោះដូរពាណិជ្ជកម្មលើពិភពលោកគេបានប្រើប្រាស់តែប្រាក់ដុល្លារអាមេរិក តែមួយគត់ សម្រាប់ទូទាត់តម្លៃទំនិញ និងតម្លៃប្រេងជាដើម ។ ប៉ុន្តែក្រោយពេលដែលអាមេរិក នៅក្រោមការដឹកនាំរបស់លោក ត្រាំ បានបង្កើនការដាក់ទណ្ឌកម្ម ទៅលើប្រទេសជាច្រើនជុំវិញពិភពលោកនោះ បានធ្វើឲ្យប្រទេសតំបន់អឺរ៉ុប សម្រេចជ្រើសរើសវិធីសាស្ត្រ ប្រើប្រាស់រូបិយវត្ថុរបស់ខ្លួនសម្រាប់ដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចៀសទណ្ឌកម្មពីអាមេរិក។

សូមបញ្ជាក់ផងដែរថា កាលពីអាមេរិកនិងអ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀងបរមាណូជា នៅឆ្នាំ២០១៥ និងលុបទណ្ឌកម្មសេដ្ឋកិច្ចដល់អ៊ីរ៉ង់ បណ្តាប្រទេស និងក្រុមហ៊ុនធំៗ នៅតំបន់អឺរ៉ុប បានទៅវិនិយោគជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង ។ ប៉ុន្តែក្រោយពេល លោកត្រាំ ឡើងកាន់តំណែង ប្រធានាធិបតី ក៏ដកកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មជាថ្មី ទៅលើអ៊ីរ៉ង់ ធ្វើឲ្យ ក្រុមហ៊ុនអឺរ៉ុបជាច្រើន ក្លាយជាអ្នករងគ្រោះ។

ដូច្នេះទើបបានអឺរ៉ុប ចាត់វិធានការចាំបាច់ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន ។ កាលពីថ្ងៃទី៣១ ខែមករា បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានសម្រេចបង្កើតបណ្តាញដោះដូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយ មិនប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ក្នុងគោលដៅបញ្ចៀសការដាក់ទណ្ឌកម្មពីអាមេរិក ។

សារព័ត៌ NDR របស់អាល្លឺម៉ង់បានផ្សាយថា ប្រទេសសំខាន់នៅអឺរ៉ុប បានបង្កើតបណ្តាញពិសេស ឈ្មោះ INSTEX សម្រាប់ធ្វើសកម្មភាពដោះដូរពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ ។ ជាមួយគ្នានោះ បណ្តាញខាងលើ នឹងជួយការពារបណ្តាក្រុមហ៊ុន អឺរ៉ុបដែល រកស៊ីជាមួយអ៊ីរ៉ង់ផងដែរ ។ ប៉ុន្តែបណ្តាញខាងលើបានប្រើប្រាស់សម្រាប់តែវិស័យតូចៗប៉ុណ្ណោះ ដូច ស្បៀងអាហារឱសថ មនុស្សធម៌ជាដើម ។ បណ្តាញខាងលើ មិនប្រើប្រាស់សម្រាប់ដោះដូរ វិស័យប្រេងនោះឡើយ ដោយសារវាមានទ្រង់ទ្រាយធំ ។

ការសម្រេចខាងលើរបស់អឺរ៉ុប មិនប្រើប្រាស់ប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ជាសញ្ញាដ៏អាក្រក់ ដល់ប្រាក់ដុល្លារអាមេរិក ដោយប្រទេសជាច្រើន បានសម្រេចចាកចេញពី ដុល្លារ អាមេរិក ។

កន្លងមកចិននិងរុស្ស៊ីបានធ្វើការដោះដូរពាណិជ្ជកម្មគ្នា ដោយមិនប្រើប្រាស់ប្រាក់ដុល្លារឡើយ។ ចំណេកទួរគី រុស្ស៊ីនិងអ៊ីរ៉ង់ក៏ឈប់ប្រើដុល្លារក្នុងវិស័យពាណិជ្ជកម្មត្រីភាគី ហើយពេលថ្មីៗនេះ ស៊ីរីនិងអ៊ីរ៉ង់ ក៏មិនប្រើប្រាស់ប្រាក់ដុល្លារ ក្នុងទំនាក់ទំនងសេដ្ឋកិច្ចនោះដែរ ៕ ម៉ែវ សាធី


ចែករំលែក៖